ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចូលទិញត្រីសាម៉ុននៅហាងចរណៃចេញមកវិញបាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងចូលទិញត្រីសាម៉ុន នៅហាងមួយកន្លែងយីហោ  ចរណៃ  ខណៈចតម៉ូតូទុកនៅមុខហាងរួចចូលទៅក្នុងទិញត្រីសាម៉ុន ស្រាប់តែចេញមកវិញត្រូវជនសង្ស័យលួចកាច់សោ កម៉ូតូយកទៅបាត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី១៣  ខែមិថុនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចហាងលក់ត្រីសាម៉ុនមួយកន្លែង យីហោ ចរណៃ ដែលស្ថិតនៅទល់មុខវត្តតាំងកសាង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះសុវ៉ាន់នុត បច្ចុប្បន្នស្នាក់នៅក្នុងភូមិតាងួនសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យបានរៀបរាប់ប្រាប់ឱ្យដឹងថាម៉ូតូរបស់គាត់ម៉ាក សង់ឌ្រីមសេ 125 ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JA.3032  ហើយកន្លងមករូបគាត់តែងតែមកទិញត្រីសាម៉ុននៅក្នុងហាងមួយកន្លែង យីហោ ចរណៃនេះ ជាប្រចាំហើយរូបគាត់តែងតែចតម៉ូតូនៅខាងមុខហាង រួចចូលទៅក្នុងទិញត្រីសាម៉ុនធម្មតា ស្រាប់តែនៅថ្ងៃកើតហេតុនៅវេលាម៉ោងប្រហែល៧យប់ គាត់ក៏បាន មកទិញត្រីសាម៉ុន នៅហាងចរណៃ ដូចធម្មតា នឹងបានចតម៉ូតូនៅខាងមុខហាងដូចសព្វដង ហើយចូលទៅក្នុងដើម្បីរកទិញត្រីសាម៉ុន មួយសន្ទុះក្រោយមកគាត់ចេញមកវិញស្រាប់តែម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចកាច់សោ កយកទៅបាត់ស្រមោលតែម្តង រួចរូបគាត់ក៏បានសួរទៅបុគ្គលិកនៅក្នុងហាងប៉ុន្តែគេឆ្លើយប្រាប់ថាមិនដឹងនោះទេ ភ្លាមនោះគាត់ក៏បានទៅប្ដឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីជួយធ្វើអន្តរាគមន៍តែម្តង។

ជនរងគ្រោះបានបន្តថា ក្រោយពីរូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ដើម្បីជួយធ្វើអន្តរាគមន៍រួចមក ដោយសារតែគាត់រង់ចាំសមត្ថកិច្ចមិនឃើញមក គាត់ក៏បានមកដល់ទីតាំងកើតហេតុ នៅហាងលក់ត្រីសាម៉ុន យីហោ ចរណៃ ដើម្បីសុំឱ្យម្ចាស់ទីតាំងជួយឆែកមើលតាមកាមេរ៉ាសុវត្ថិភាពដើម្បីរកមុខជនសង្ស័យ ប៉ុន្តែនៅពេលដែលគាត់មកដល់ម្ចាស់ទីតាំងខាងលើមិនបានបើកឆែកកាមេរ៉ាសុវត្ថិភាពឱ្យគាត់នោះទេថែមទាំងប្រើ ពាក្យសម្ដីអសុរោះមកលើគាត់ថែមទៀតផង ហើយមួយសន្ទុះក្រោយមកបុគ្គលិកនៅក្នុងហាងយីហោ ចរណៃ បានបិទទ្វារចាក់សោរួចជិះម៉ូតូចេញទៅបាត់អស់តែម្ដង។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋាននេះបានសំណូមពរដល់ លោកម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ សូមមេត្តាជួយពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងសូមជួយចាត់កម្លាំងល្បាតតាមដងផ្លូវទាំងអស់នេះផងព្រោះទីតាំងខាងលើនេះតែងតែមានសកម្មភាពចោឆក់ ចោរប្លន់ចោរលួចទ្រព្យសម្បត្តិរបស់ប្រជាលរដ្ឋជាដើម ដែលធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនេះ តែងតែមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង នៅសកម្មភាពរបស់ជនសង្ស័យដែលប្រព្រឹត្តនៅលើដងផ្លូវនេះកន្លងមក ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖