ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពិរុទ្ធ​២នាក់​ ម្នាក់ពីបទជួញដូរគ្រឿងញៀន​ និងម្នាក់ទៀតពាក់ព័ន្ធលួច

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ពិរុទ្ធ​២នាក់​ ម្នាក់ពីបទជួញដូរគ្រឿងញៀន​ និងម្នាក់ទៀតពាក់ព័ន្ធលួច​ ត្រូវ​បានកម្លាំងនគរបាលខេត្តបាត់ដំបង​ ឃាត់ខ្លួន​តាមដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង​ កាលពីថ្ងៃទី​១៣ ខែមិថុនា  ឆ្នាំ២០២២នេះ។ 

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍  នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ កាលពីវេលាម៉ោង០៩និង១០នាទី ត្រង់ចំណុចបរិវេណវត្តភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ  ១៤៦ ត.ព្រ ចុះថ្ងៃទី១៤  ខែមីនា  ឆ្នាំ ២០២២  របស់លោក សេង  ស៊ឹមសុរិយា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ  ពិរុទ្ធម្នាក់ឈ្មោះ  ខែក  សារិន ហៅ  ក្លូវ  ភេទប្រុស  អាយុ៣៩ឆ្នាំ  មានទីលំនៅក្រុមទី០៥  ភូមិភ្នំសំពៅលិច  ឃុំភ្នំសំពៅ  ស្រុកបាណន់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចភូមិសំណាញ់  ឃុំភ្នំសំពៅ  ស្រុកបាណន់ កាលពីថ្ងៃទី២១  ខែមករា  ឆ្នាំ២០២២។

របាយការណ៍​ដដែល​ បន្តថា​ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ឃាត់ខ្លួនពិរុទ្ធម្នាក់​ នៅវេលាម៉ោង០៨និង២០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤០៣ ត.ព្រ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ របស់លោក ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។

ជនជាប់ចោទឈ្មោះ ឌាំ ដា  ហៅ  រ៉ាត់ ភេទប្រុស  អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ពាក់ពន្ធ័ករណីបទលួច (ម៉ាស៊ីនកាត់ស្មៅ)  ប្រព្រឹត្តនៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។ 

បច្ចុប្បន្ន​ ពិរុទ្ធទាំង២នាក់នេះ​ ត្រូវ​កម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ៖សហការី


ចែករំលែក៖