ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ២នាក់ជាប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមមុន នឹងបញ្ជូនខ្លួនទៅតុលាការ។
គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ(ក៥) ដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិវង្ស សា
វ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖
-គោលដៅទី១: នៅចំណុចភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងគ្រឿងញៀនហេរ៉ូអុីន៧គីឡូក្រាមនិង២៦.២ក្រាម។
-គោលដៅទី២: នៅចំណុចផ្លូវលេខ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូក្រាមនិង៩៦៣.៧ក្រាម, កេតាមីន១៣គីឡូក្រាមនិង៨ក្រាម។
-គោលដៅទី៣: ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុចផ្លូវលេខ២ ក្នុងបុរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាងមេតំហ្វេតាមីន(ICE)៦៨៨.៨៦ក្រាម។
-គោលដៅទី៤: ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាតមែនប៉ាវលី នៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)៤១៧.៣៥ក្រាម.ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម សរុបលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន២នាក់ :
១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។
២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។
ចំណែកវត្ថុតាងចាប់យករួមមាន៖
សារធាតុញៀន៥៤ គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម :
• ហេរ៉ូអ៊ិន(HEROIN)ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម។
• មេតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម។
• កេតាមីន(KETAMINE)ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម។
• សារធាតុមិនច្បាស់ទម្ងន់១៩៣ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស សម