ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងងោកមួយភាំងបើករថយន្តបុកចូលផ្ទះលក់បន្លែបណ្ដាលឱ្យអ្នកលក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកTOYOTA COROLLA មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យងោកមួយភាំងបានជ្រុលចង្កូតបុកចូលផ្ទះលក់បន្លែបណ្ដាលឱ្យបាក់សំយាបផ្ទះ និងខូចខាតបន្លែជាច្រើនមុខ ព្រមទាំងធ្វើឱ្យបុរសម្នាក់ជាអ្នកលក់បន្លែរងរបួសជើងម្ខាងផងដែរ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចច្រកចូលផ្ទះសំណាក់ស្ទឹងលាភ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបTOYOTA COROLLA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-1626ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម។ លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុងងោកមួយភាំងធ្វើឱ្យរថយន្តរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកចូលផ្ទះលក់បន្លែ បណ្តាលឱ្យខូចខាតបន្លែជាច្រើនមុខ និងបាក់សំយាបផ្ទះ ព្រមទាំងធ្វើឱ្យបុរសជាអ្នកលក់បន្លែម្នាក់រងរបួសជើងម្ខាង។ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំផងដែរ ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងសងធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មកភាគីម្ចាស់ផ្ទះទារសំណងចំនួន៣០០ដុល្លារ តែភាគីខាងរថយន្តបង្កចិត្តធំជូន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖