ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនបុរសល្មោភកាមដែលយកកាំបិតបុ័ងតោគាស់ទ្វារបន្ទប់ចូលទៅចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃស្រីទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា បុរសល្មោភកាមម្នាក់ ដែលគេស្គាល់ថាជាអ្នកបើកបរនិងជាអង្គរក្សលោកអភិបាលខណ្ឌម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកាន់កាំបិត ប៉័ងតោទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃដែលជានិស្សិតចូលទៅចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេចកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ទោះបីជាយ៉ាងណា បន្ទាប់ពីមានរឿងបែបនេះ លោកអភិបាលខណ្ឌរូបនោះក៏បានចេញលិខិតបដិសេធថា ជននោះមិនមែនជាអ្នកបើកបររបស់លោកទៀតនោះទេ ព្រោះជននោះត្រូវបានលោកបញ្ឈប់ជាយូរមកហើយ ។
ជនដែលល្មោភកាមរូបនោះឈ្មោះ នួន ភារៈ អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះអាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១។
តាមព័ត៌មានឱ្យដឹងថា នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ជនដៃដល់ និងប្រពន្ធ បាននាំគ្នាទៅលេងផ្ទះប្អូនស្រី ខណៈដែលឪពុកម្តាយធ្វើដំណើរទៅខេត្ត ។ នៅវេលាយប់នោះ បុរសដែលជាបងថ្លៃក៏បានជួបជុំគ្នាផឹកសុីនៅផ្ទះនោះ ។បន្ទាប់ពីផឹកស្រវឹងហើយក៏បានទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម។ ដោយឡែក ប្អូនថ្លៃស្រី ព្រមទាំងក្មួយបានសម្រាកនៅបន្ទប់ជាន់ឡៅតឿ។ ពេលដែលប្អូនថ្លៃស្រីកំពុងតែដេកស្រាប់តែជនល្មោភកាមរូបនោះបានលួចក្រោកទៅគាស់ទ្វារបន្ទប់ចូលទៅចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃតែម្តងតែពុំបានសម្រេចនោះទេ ។
តាមនារីរងគ្រោះបានឱ្យដឹងថា នៅយប់នោះបងថ្លៃកាន់កាំបិតប៉័ងតោ និងកាំបិតចុងស្រួចហើយស្លៀកតែខោខ្លីបានចូលទៅចាប់រំលោភសេពសន្ថវៈលើរូបនាងទាំងកំរោល ហើយនាងខំរើបម្រះនិងបានស្រែកហៅឱ្យប៉ាជួយ ទើបក្មួយស្រីដែលដេកនៅបន្ទប់ក្បែរនោះក៏បានបើកភ្លើង ចេញមក ហើយជននោះក៏បានរត់ទៅពួនក្នុងបន្ទប់នោះ ។ ដោយមានការភ័យខ្លាច បងថ្លៃសម្លាប់ ខ្លួននិងក្មួយក៏បានដឹកដៃគ្នា ចេញមកក្រៅ ហើយបានប្រាប់បងប្អូន និងបាននាំគ្នាចាក់សោទ្វារផ្ទះ រួចរត់ទៅប្តឹងនគរបាលមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានទាំងយប់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានឆែកឆេររកឃើញកាំបិតប៉័ងតោនៅក្រោមគ្រែផងដែរ ។
តាមព័ត៌មានឱ្យដឹងថា កន្លងមកជនល្មោភកាមរូបនោះធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេកម្តងរួចមកហើយកាលពីចុងឆ្នាំ២០២១ និងធ្លាប់បង្ករបួសស្នាមដល់អ្នកដទៃកាលពីថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេអស់៩ពាន់ដុល្លារ។ ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖និន សុភ័ស្ត