ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រាប់សេង ធារី ថា ទុកពេលឲ្យពួកគាត់រស់នៅដោយសុខសន្តិភាពនិងប្រកបរបររកស៊ីឡើងវិញផងព្រោះកូវីដបំផ្លាញអស់ច្រើនណាស់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតស្ត្រីបំពុលសង្គមដែលឆ្លៀតបង្កភាពជ្រួលច្របល់នៅឯសាលាដំបូងនោះត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារហើយ ។ ចំណាត់ការនេះធ្វើអោយប្រជាពលរដ្ឋគាំទ្រ។ គាំទ្រព្រោះតែមិនចង់ឃើញមានភាពអាណាធិបតេយ្យវឹកវរឬអាចថាបង្កឲ្យមានរាំងស្ទះដល់ដំណើរការរកស៊ីនិងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ ការប្រកបរបររកស៊ីដែលត្រូវរាំងស្ទះដោយសារជំងឺកូវីដ-១៩ នោះទើបតែដំណើរការបានបន្តិចៗ រើបៗ បែរជាស្ត្រីម្នាក់នេះចេញមកបង្កបញ្ហាថែមទៀត។

នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមហាជនទូទៅបានបង្ហាញការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនស្ត្រីឈ្មោះ សេង ធារី ពីបទរួម គំនិត ក្បត់ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ មហាជនបានចាត់ទុកទង្វើរបស់ស្ត្រីរូបនេះនាពេលកន្លងទៅដែលតុបតែងខ្លួនប្លែកៗទាក់ទាញការ ចាប់អារម្មណ៍នោះថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្ត្រីខ្មែរទូទាំងប្រទេសផងដែរ។ កន្លងមកស្ត្រីរូបនេះ បានកោរសក់ និងស្លៀកសម្លៀកបំពាក់អប្សរាដើររេរាំពេញលើផ្លូវថ្នល់ និយាយធ្វើឫកមិនសមជានារីខ្មែរ វៀចមុខវៀចមាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនស្ត្រី សេង ធារី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ នៅមុខសាលា ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការបានចេញសាល ក្រមផ្តន្ទាទោសរយៈពេល ៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះ ញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។

ក្រោយការចាប់ខ្លួនស្ត្រីរូបនេះមហាជនទូទៅបានសម្តែងការសាទរ និងបញ្ជាក់ថា គួរតែអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនស្ត្រីឈ្មោះ សេង ធារី នេះ ជាយូរមកហើយ មិនគួរបណ្តែតបណ្តោយទុកឲ្យស្ត្រីម្នាក់នេះ ធ្វើព្យុះភ្លៀងតាមអំពើចិត្តហាក់បីដូចជា ប្រទេសកម្ពុជាគ្មានច្បាប់ ទម្លាប់។ អ្នកខ្លះទៀតបានស្នើតុលាការថា គួរតែដាក់ ទោសឲ្យស្រី្តម្នាក់នេះបានច្រើនឆ្នាំរហូតដល់ ១០ឆ្នាំជាដើម។ 

នៅក្នុងគណនីហ្វេសប៊ុកជាច្រើនបានបញ្ចេញទស្សនៈស្រដៀងគ្នាដោយសូមគាំទ្រចំណាត់ការរបស់តុលាការ។ គណនីហ្វេសប៊ុកឈ្មោះ ភារ៉ា ជាងម៉ាស៊ីនត្រជាក់ បានសរសេរតពីក្រោមថា បាយផ្ទះមិនឆ្ងាញ់ៗតែបាយគុក។ ដោយឡែកគណនីហ្វេសប៊ុកឈ្មោះ Vutha Seth បានបង្ហាញចំណាប់អារម្មណ៍ថា ខ្ញុំបាទផ្ទាល់សូមអរគុណដល់បងៗសមត្ថកិច្ចដែលបានចាប់បញ្ជួនមនុស្សរោគចិត្តម្នាក់នេះ ទៅពន្ធនាគារ ជៀសវាងបង្កភាពមិនប្រក្រតីដល់យុវតីខ្មែរជំនាន់ក្រោយៗ។ ក្រៅពីនេះ នៅមានគណនីហ្វេសប៊ុកជាច្រើនទៀតបានខំមិនប្រហាក់ប្រហែលគ្នាដែលមានខ្លឹមសារថា គាំទ្រចំណាត់ការរបស់តុលាការ និងថា ស្ត្រីឈ្មោះ សេង ធារី នេះ មនុស្សមិនចំមនុស្ស ខ្មោចមិនចំខ្មោច ជាពិសេសសកម្មភាពបំពុល សង្គមរបស់ សេង ធារី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស្ត្រីខ្មែរ។ ចំណែកឯគណនីហ្វេសប៊ុកឈ្មោះ Lim Rotha បានសរសេរថា នាងត្រង៉ោលនេះ ពូកែលាបពណ៌ណាស់មកលើរាជរដ្ឋាភិបាលកម្ពុជាគ្រប់រឿង ជាប់ពន្ធនាគារអ៊ីចឹងសមមុខហើយ។

សម្រាប់មហាជនក៏ដូចជាប្រជាពលរដ្ឋទូទៅចង់ឃើញសុខសន្តិភាពស្ថេរភាពនយោបាយដើម្បីងាយស្រួលក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត។ ប្រជាពលរដ្ឋពិតជាលំបាកណាស់ទៅហើយក្នុងការស៊ូទ្រាំរស់នៅជាមួយនឹងបញ្ហាជំងឺកូវីដ-១៩។ ដូច្នេះនៅពេលដែលជំងឺនេះធូរ ស្បើយនិងផុតរលត់គឺប្រជាពលរដ្ឋរំពឹងថានឹងអាចងាកមកប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយសុខសន្តិភាព។ ចុះបើស្ត្រីឈ្មោះសេងធារី បង្កបញ្ហាមិនឈប់ឈរយ៉ាងនេះតើប្រជាពលរដ្ឋអាចប្រកបរបររកស៊ីដោយសុវត្ថិភាពសុខសន្តិភាពបានយ៉ាងដូចម្ដេចទៅ?

និយាយជារួមអ្វីដែល សេង ធារី បង្ហាញទាំងអស់នេះគឺសុទ្ធតែជាការសម្តែងទាំងអស់ និងគ្រាន់តែដើម្បីទាញយកភាពល្បី និងទាក់ទាញសមានចិត្តថា ខ្លួនពិតជាជនរងគ្រោះពិតមែន តែតាមពិតនេះគ្រាន់តែជាល្បិច កល និងជាការសម្តែងសុទ្ធសាធ។ ដោយសារតែពលរដ្ឋ ខ្មែរបានដឹងរឿងរ៉ាវទាំងអស់នេះហើយ បានជាគេមិនឲ្យតម្លៃ និងថែមទាំងផ្តាំទៅ សេង ធារី ឲ្យទៅស្រោចទឹក ៧វត្ត ឲ្យជ្រះចង្រៃ កុំឲ្យខ្មោចដូនតា ជាពិសេសព្រលឹងបុព្វបុរស ថែរក្សារបាំប្រពៃណីអប្សរាប្រកែប្រកាន់ និងកាន់តែធ្វើឲ្យ សេង ធារី វង្វេវង្វាន់គ្មានដឹងខុសត្រូវបន្តទៀត។ ម្យ៉ាងទៀត សេង ធារី មិនត្រូវយកសម្លៀកបំពាក់របាំអប្សរា មកប្រឡូកប្រឡាកក្នុងរឿងនយោបាយរបស់ខ្លួនទេ ព្រោះចរិតរបស់ សេង ធារី ខុសឆ្ងាយដាច់ពីចរិតតួអង្គអប្សរាដែលមានភាពទន់ភ្លន់គោរពប្រពៃណី។

ទីបំផុតទៅ ស្ត្រីឈ្មោះ សេង ធារី នេះអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចអនុវត្តសាលក្រមរបស់តុលាការចាប់ខ្លួន និងបញ្ជូនទៅដាក់ពន្ធនាគារព្រៃស។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្ដន្ទាទោស សេង ធារី ដាក់ពន្ធនាគារ ៦ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗពីបទរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។

នៅថ្ងៃទី១៤ខែមិថុនានេះដែរសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងរួមគំនិត ក្បត់ ដោយផ្តន្ទាទោស សម  រង្ស៊ី, អេង ឆៃអ៊ាង, ហូរ វ៉ាន់, តុ វ៉ាន់ច័ន្ទ, អ៊ីហ្សា ឧស្មាន់, គង់ សុភា, ម៉ោញ សារ៉ាត់, អ៊ូ ច័ន្ទឫទ្ធិ, ឡុង រី, ម៉ែន សុថាវរិន្ទ្រ, អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងបង្គាប់ឲ្យចាប់ខ្លួនភ្លាម។ ចំណែកឈ្មោះ ហេង ចាន់រិទ្ធិ , លោក ទុំ វ៉ាន់ថន , កាក់ កុម្ភារ (នៅក្នុងពន្ធនាគារ) ផ្តន្ទាទោសរយៈពេល ៦ឆ្នាំ ដោយបន្តឃុំខ្លួនដាក់ពន្ធនាគារជាបន្តទៀត។ រីឯឈ្មោះ សេង ច័ន្ទធារី (សេង ធារី) , ហេង ដារ៉ូ , ឃិត ជំរឿន , តោ និមល និងបក្ខពួកមួយចំនួនទៀតផ្តន្ទាទោស ៦ឆ្នាំ និងបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនភ្លាម។ ហើយមនុស្សមួយចំនួនទៀតផ្តន្ទាទោស ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសព្យួរ៕

ដោយ៖ សូរិយា


ចែករំលែក៖