ភ្នំពេញ៖ សង្វៀនបញ្ជល់មាន់និងល្បែងអាប៉ោងដុះស្លែមួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែងសុីសងចំនួន ៤នាក់ ដកហូតមាន់ជល់ចំនួន១៦ក្បាល ព្រមទាំងឧបករណ៍សម្រាប់បាញ់អាប៉ោងមួយចំនួនទៀត។
ប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានបានឱ្យដឹងថា វង់ល្បែងនេះបានបើកដំណើរការជាយូរមកហើយ ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ និងមានការផ្សព្វផ្សាយទើបអាជ្ញាធរខណ្ឌ ចុះបង្ក្រាបតែម្តង ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលចុះបង្ក្រាបគេឃើញក្រុមអ្នកញៀនល្បែងបានជួបប្រមូលផ្តុំគ្នាលេងបញ្ជល់មាន់និងបាញ់អាប៉ោង ដោយបាននាំគ្នាចោមរោមចាក់និងភ្នាល់យ៉ាងច្រើនកុះករ ។ខណៈនោះ កម្លាំងសណ្តាប់ខណ្ឌបានចុះទៅដល់ ធ្វើឱ្យក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ប្រសាចយកតែរួចខ្លួន ចោលមាន់ , ចោលចានអាប៉ោង , ម៉ូតូរបស់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានតែមួយចំនួនប៉ុណ្ណោះ។
តាមសមត្ថកិច្ចឱ្យដឹងថា មនុស្សចំនួន ៤នាក់ត្រូវបានឃាត់ខ្លួន និងដកហូតមាន់ចំនួន១៦ក្បាល, រថយន្តចំនួន ២គ្រឿង, ម៉ូតូកង់៣ចំនួន២គ្រឿង , ម៉ូតូចំនួន ៩គ្រឿង , សម្ភារបាញ់អាប៉ោងព្រមទាំងកៅអីនិងទ្រុងមាន់មួយចំនួនទៀត ។
គួរបញ្ជាក់ថា នៅក្នុងដីឡូតិ៍នោះមានរោងចំនួន២ គឺរោងមួយសម្រាប់បើកល្បែងស៊ីសងបញ្ជល់មាន់និងបាញ់អាប៉ោង និងរោងមួយទៀតសម្រាប់មើលថែមាន់។បន្ទាប់ពីចុះបង្ក្រាប អាជ្ញាធរចុះបង្ក្រាបក៏បានរុះរើរោងនោះចេញមិនឱ្យបើកលេងទៀតផងដែរ។អ្នកញៀនល្បែង រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ រ៉ារ៉ា