ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមមេធាវីជនជាតិបារាំងចំនួន៤រូប ដែលជាមេធាវីតំណាងឱ្យសម្តេចតេជោ និងលោក ឌី វិជ្ជា ជួបធ្វើសវនាការនៅភូមិគ្រឹះរបស់សម្តេចនៅទីក្រុងតាខ្មៅ ដើម្បីពិនិត្យនិងប្រមូលភស្តុតាងសំខាន់ៗដែលមានភាពច្បាស់លាស់ធ្វើជាមូលដ្ឋានរឹងមាំសម្រាប់ដាក់បន្ទុកលើទណ្ឌិត សម រង្ស៉ី ក្នុងពេលសវនាការដែលគ្រោងធ្វើនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
ក្រុមមេធាវីជនជាតិបារាំងទាំង៤រូបនឹងធ្វើជាតំណាងរបស់សម្តេចតេជោ និងលោក ឌី វិជ្ជា ជាដើមបណ្តឹងប្តឹងទណ្ឌិត សម រង្ស៉ី នៅតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពីបទបរិហារកេរ្តិ៍។
ក្នុងជំនួបពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការគូសបញ្ជាក់អំពីអង្គហេតុពិត ចំណុចសំខាន់ៗនិងអំពើទុច្ចរិតរបស់ទណ្ឌិតរូបនេះដល់ក្រុមមេធាវីការពារបណ្តឹងរបស់សម្តេច និងមូលហេតុដែលនាំឲ្យមានការតាមប្តឹង ទណ្ឌិត សម រង្ស៉ី ដល់ប្រទេសបារាំង។
គួររំលឹកផងដែរថា បណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA) ដែលបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់ចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា (១)- ថាសម្តេចតេជោ បានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី (២)-ថាសម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោកជា វិជ្ជា ។
ការចោទប្រកាន់របស់បុគ្គល សម រង្ស៉ី ខាងលើគឺជាមូលហេតុដែលនាំឲ្យសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តប្តឹងទៅតុលាការបារាំង ហើយតុលាការនឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពានលើដែននៃសេរីភាពបញ្ចេញមតិ»៕
ដោយ ៖ សហការី