ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦៖០០នាទី មានអ្នកនេសាទម្នាក់នេសាទបានត្រីបបែលយក្សមានទម្ងន់ រហូតដល់៣០០គីឡូក្រាមនិងទទឹងដងខ្លួនមានហូតដល់ទៅ២២០សង់ទីម៉ែត្រ នៅក្នុងដងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
បើតាមលោកសំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទីបានបញ្ជាក់ឱ្យដឹងថា: អ្នកនេសាទដែលនេសាទបានត្រីបបែលយក្សនោះគាត់មាន ឈ្មោះមូល ធន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង គាត់បានទៅនេសាទត្រីដូចសព្វមួយដងជាលក្ខណៈគ្រួសារ ក៏ចាប់បានត្រីបបែលយក្សទឹកសាបមួយក្បាល។ បន្ទាប់មកអ្នកនេសាទរូបនោះក៏បានរាយការណ៍ទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ ក៏បានរាយការណ៍បន្តមកខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមនឹងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តបានចេញដំណើរទៅសហគមន៍ដើម្បីពិនិត្យមើលនិងធ្វើការវាស់ថ្លឹង និងដាក់ស្លាកលេខសម្គាល់ រួចយកសំណាកធ្វើ D.N.A ដើម្បីលែងចូលទៅក្នុងទឹកទន្លេធម្មជាតិវិញ។
លោកសំ វិចិត្រ នាយខណ្ឌជលផលស្តីទីបន្តទៀតថា: ក្រោយការពិនិត្យឃើញត្រីបំបែលយក្សនោះរួចរាល់ហើយ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល រួមនឹងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ បានធ្វើការវាស់ថ្លឹង និងកឹបស្លាកលេខ យកសំណាកធ្វើ D.N.A រួចក៏លែងត្រីបបែលយក្សននោះចូលទៅក្នុងទឹកសាបវិញឱ្យរស់នៅបែបធម្មជាតិវិញ។ លោកនាយខណ្ឌស្តីទីបញ្ជាក់ថា ត្រីបបែលយក្សខាងលើនេះភេទញី ទម្ងន់៣០០គីឡូក្រាម ពីក្បាលដល់ចុងកន្ទុយរបស់វាមានប្រវែង ៣៩៨សង់ទីម៉ែត្រ ចំណែកប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនរបស់វាមានប្រវែង ២២០សង់ទីម៉ែត្រដូចគ្នា ហើយការលែងត្រីបបែលយក្សទឹកសាបនេះ គឺមានការចូលរួមពីមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃខណ្ឌរដ្ឋបាលជលផល នាយរងផ្នែករដ្ឋបាលជលផលស្រុកថាឡាបរិវ៉ាត់នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្រុមការងារគម្រោងអច្ឆរិយៈនៃទន្លេមេគង្គ អាជាធរឃុំកោះព្រះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះព្រះ និងសហគមន៍នេសាទភូមិកោះព្រះ។
លោកបញ្ជាក់បន្ថែមទៀតថា: នេះជាត្រីបបែលយក្សរស់នៅក្នុងដងទន្លេមេគង្គទឹកសាបយើងនេះ វាជាលើកទី៣ហេីយ ដែលប្រជានេសាទត្រីនេសាទបាន រួចក៏បានលែងឱ្យរស់នៅបែបធម្មជាតិវិញ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងយើងទាំងមូល សូមចូលរួមអភិរក្សការពារត្រីមេពូជទាំងអស់គ្នា ព្រោះជាប្រភេទត្រីដ៏កម្រជិតផុតពូជទៅហើយ បើបងប្អូនយើងនេសាទបានដោយចៃដន្យ សូមរាយការណ៍មកមន្ត្រីជលផលដើម្បីធ្វើការលែងវិញ។ ដូចប្រជានេសាទរស់នៅក្នុងស្រុកសៀបបូកអ៊ីចឹង ដែលគាត់នេសាទបានត្រីបបែលយក្សត្រូវបានលែងទៅវិញ គឺគ្មានទោសពៃរ៍អ្វីទេ។ ជាពិសេសសូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ និងឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ ព្រោះរដូវនេះវាជារដូវបិទនេសាទផង ដើម្បីជៀសវាងប្រឈមមុខទៅតុលាការ និងជាប់ពិរុទ្ធ៕
ដោយ៖ មាស សុផាត