ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើង ០៤នាក់ យកមកណែនាំអប់រំក្រោយ​រកឃើញ​មានកាំបិតខ្វែវដាក់តាមខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងទំនើងចំនួន ០៤នាក់ ត្រូវ​បានកម្លាំងនគរបាលខេត្តសៀមរាប​ ឃាត់ខ្លួន​យកមកណែនាំអប់រំក្រោយ​រកឃើញមានកាំបិតខ្វែវដាក់តាមខ្លួន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២។ ​

ក្មេងទំនើងចំនួន០៤នាក់ខាងលេីនេះ​ រួមមាន ៖ ១. ឈ្មោះ ជីវ សុចិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ២. ឈ្មោះ ឆៃ ឆំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ៣. ឈ្មោះ ចង់ ចិន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ៤. ឈ្មោះ តំ និល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​ កាលពីវេលាម៉ោង​ ១១​និង​៣០នាទី​ព្រឹក​ថ្ងៃទី១៤ ខែមិថុនាម្សិលមិញ​នេះ លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងចុះល្បាតជុំវិញភូមិសាស្រ្ត ក៏ប្រទះ ឃើញក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៧នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង និងមានដាក់កាំបិតខ្វែវតាមខ្លួន បង្កការភ្ញាក់ផ្អើល នៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ភ្លាមៗ កម្លាំងអធិការដ្ឋានបានសហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងប្រជាការពារ ចុះឃាត់ខ្លួនក្មេងទំនើងបានចំនួន០៤នាក់ និងនាំមកសួរនាំនៅអធិការដ្ឋាន ។

មន្ត្រីនគរបាលស្រុកសូទ្រនិគម បានបន្តថា​ ក្រោយសាកសួរ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានដាក់កាំបិតខ្វែវតាមម៉ូតូដែលពួកខ្លួនជិះពិតប្រាកដមែន ដើម្បីទុកការពារខ្លួន ។ 

គួរជម្រាបថា​ ចំពោះ​ចំណាត់ការរបស់សមត្ថកិច្ច ដោយសារមិនមានរបួសស្នាមអ្វីទេ (មានកាបិតខ្វែវដាក់តាមខ្លួន ប៉ុន្តែមិនទាន់បានប្រើប្រាស់កាប់គ្នាទេ) ករណីខាងលើនេះ សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរភូមិ អាណាព្យាបាល ដកហូតកាបិតខ្វែវចំនួន០១ ដើម កោរសក់ពួកគាត់ ធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និង អនុញ្ញាតឱ្យអាណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញ៕

ដោយ​៖សហការី​


ចែករំលែក៖