ខេត្តកោះកុង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចូលរួមសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងក្រុមគ្រូពេទ្យ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃអង្គារទី១៤ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ដើម្បីចុះពិនិត្យសាកសពមនុស្សចងកសម្លាប់ខ្លួន នៅត្រង់ចំណុចព្រៃរបោះខាងជើងផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ។ នេះបេីយោងតាមប្រភពពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២។
មន្ត្រីនគរបាលស្រុកស្រែអំបិលបានឱ្យដឹងថា៖ ភិនភាគសាកសពភេទប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅលាយសនិងស្វាយ ស្លៀកខោជើងវែងពណ៌ខ្មៅ មានសភាពហើមនិងធំុក្លិន (មិនទាន់ស្គាល់អត្តសញ្ញាណ) ។
មន្ត្រីនគរបាលស្រុកដដែលបានបន្តទៀតថា ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលបានចូលរួមសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងក្រុមគ្រូពេទ្យ បានចងខ្សែសុវត្ថិភាពនៅកន្លែងសាកសពរួចរាល់អស់ហើយ រង់ចាំថ្ងៃស្អែកទើបអនុវត្តកិច្ចការងារបន្តទៀត ព្រោះជិតយប់ជួបការលំបាកក្នុងការពិនិត្យ និងបូជាសាកសព ៕
ដោយ៖អារុណរះ