ខេត្តស្ទឹងត្រែង៖ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃ នៅវត្តស្រះកែវមុនីវណ្ណ ស្ថិតនៅ ភូមិ លើ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និង លោកស្រី លោក ឈាង ឡាក់ អនុប្រធានកិត្តិយសសាខាកាកបាទ ព្រមទាំង សហការី ជាច្រើនរូប ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះលោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា: យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្តែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាននូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អ បរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ៕
ដោយ៖មាស សុផាត