ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសត្រូវរថយន្តមែរសឺដេសបុកពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែបែរជាអ្នកបើករថយន្តព្រូសភ័យបើករត់ទៅវិញ

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបានបុកជាមួយរថយន្តតូយ៉ូតា ព្រូស នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ៤៧៤ កែងនឹងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។បន្ទាប់មកអ្នកបើករថយន្តព្រូសបែរជាភ័យស្លន់ស្លោបានបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញឃាត់នាំយកមកកន្លែងកើតហេតុវិញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយ៉ូតា ព្រូសមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-0084 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួនត្រង់កន្លែងកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកមែរសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN-3855 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងទិសដៅពីលិចទៅកើតជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។  ភ្លាមៗនោះអ្នកបើករថយន្តព្រូសបែរជាភ័យបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទៅវិញ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់នាំយកមកកន្លែងកើតហេតុដើម្បីដោះស្រាយគ្នាវិញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖