ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធចោរកម្មពីរនាក់ដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនៅចំណុចភូមិតាពរ ឃុំពូរបស់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះសេង គឹមស ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើថាមានជនសង្ស័យពីរនាក់ គឺ ១-ឈ្មោះចក់ អៀង ភេទប្រុសអាយុ២២ឆ្នាំ, ២-ឈ្មោះសយ ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យទាំងពីរនាក់រស់នៅភូមិអង្គខ្មៅ ឃុំបូរី ស្រុកសំរោងទង បានចូលគាស់ផ្ទះជនរងគ្រោះយកទ្រព្យសម្បត្តិ។
ប្រភពបានបន្តទៀតថា ក្រោយពីទទួលពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់និងដកហូតវត្ថុតាងមានះ បណ្ណចាក់វ៉ាក់សាំងពីរសន្លឹក, អត្តសញ្ញាណប័ណ្ណចំនួនពីរសន្លឹក, បណ្ណបើកបររថយន្តមួយសន្លឹក និងកាតគ្រីម៉ូតូមួយសន្លឹក។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា