ភ្នំពេញ៖ តំណាង អភិបាលរាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្ដិសាខាកាកបាទ ក្រហមកម្ពុជា បាននាំយកសំលៀកបំពាក់មួក ស្បែកជេីង សម្រាប់ប្រេីប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន៣០សម្រាប់ ផ្ដល់ជូន ដល់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ ។ កាលពីរសៀលថ្ងៃទី១៥ មិថុនា ឆ្នាំ២០២២ នៅការិយាល័យបង្ការពន្លត់អគ្គិភ័យ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខា បានគិតគូរពីសុវត្ថិភាពដោយផ្តល់ជាសំលៀកបំពាក់ មួក ស្បែកជេីង ដល់អង្គភាពរបស់លោក សម្រាប់ប្រេីប្រាស់ក្នុងការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ។
ជាការឆ្លេីយតប ក្នុងនាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំ នូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងនូវការកោតសរសេីរដល់បងប្អូនកង កម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ទាំង អស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត ដោយមិនគិតពីអាយុជីវិត ពេលវេលា ការនឿយហត់ជួយ អន្តរាគម ន៍ ពន្លត់អគ្គិភ័យសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋយេីង បានទាន់ពេលវេលា និងមិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ ។
លោកបញ្ជាក់ថា សម្រាប់សម្លៀកបំពាក់ មួក ស្បែកជើងនេះ ផលិតនៅប្រទេសជប៉ុន ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ មិនហប់ និងអាចការពារបងប្អូនកងកម្លាំងយេីង ក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យប្រកបដោយសុវត្ថិភាព ។ លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ថ្វីត្បិតតែយេីងមានបងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅចាំជួយសង្គ្រោះក៏ពិតមែន តែជាចម្បងបំផុតសូមបងប្អូនត្រូវមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបង្ការដោយខ្លួនឯង ដោយកុំធ្វេសប្រហែសអំពីភ្លេីងទានធូប ចង្ក្រាន ហ្គាស ការតបណ្តាញអគ្គិភ័យប្រេីប្រាស់ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ដេីម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ ៕
ដោយ ៖ សំរិត