ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរនិងសម្រេច លើជនត្រូវចោទដែលជាឈ្មួញជួញដូរអាវុធប្រភេទដាវសាមូរ៉ៃខុសច្បាប់ ជាប់ពន្ធនាគារជាបណ្តោះអាសន្នហើយ។
សូមរំលឹកថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ដែលជាឈ្មួញជួញដូរអាវុធប្រភេទដាវសាមូរ៉ៃខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ជាឈ្មួញជួញដូរអាវុធខុសច្បាប់ប្រភេទដាវសាមូរ៉ៃ រួចបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តចាត់ការតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញបានឱ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទីវ ឈុនទី គឺជននេះបានផ្សព្វផ្សាយដាក់លក់ដាវសាមូរ៉ៃ នៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឱ្យអតិថិជនដែលចង់ទិញដាវសាមូរ៉ៃអាចទំនាក់ទំនងតាមទូរសព្ទ័ដៃលេខផ្ទាល់ខ្លួនបាន។
មន្រ្តីជំនាញបានបន្តទៀតថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ជនសង្ស័យបានយកដាវសាមូរ៉ៃប្រវែង៧០សង់ទីម៉ែត្រទៅប្រគល់ឱ្យអតិថិជននៅចំណុចស្ថានីយប្រេងឥន្ធនៈPTTផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាមូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រចំនួន០១ដើមបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរ រហូតដល់វេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ដោយមានការអនុញ្ញាតដោយផ្ទាល់មាត់តាមរយៈទូរស័ព្ទដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួលផងនោះបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាងដាវសាមូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត។
បច្ចុប្ប្នន្ន ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ៕
ដោយ ៖ រ៉ារ៉ា