ខ្សែការពារអុីតាលី Giorgio Chiellini បានចូលរួមជាមួយក្លិប Los Angeles FC របស់លីគកំពូលអាមេរិក MLS បន្ទាប់ពីគាត់ចាកចេញពីក្លិប Juventus ។ ខ្សែការពារកណ្តាលវ័យ៣៧ឆ្នាំរូបនេះបានចាកចេញពីក្រុម Serie A នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីលេងអស់រយៈពេល១៧ឆ្នាំ។
កីឡាករ Chiellini បានជួយឲ្យក្រុមឈ្នះជើងឯក Serie A ចំនួន៩ដងក៏ដូចជា Coppa Italia ៥ដងបន្ទាប់ពីចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin ក្នុងឆ្នាំ២០០៥។ ខ្សែការពារដែលបានលេង១១៧ដងសម្រាប់ប្រទេសរបស់គាត់បានប្រកាសពីការផ្លាស់ប្តូររបស់គាត់នៅលើ Twitter ដោយពាក់មួក និងអាវរបស់ LAFC ដែលមានចំណងជើងថា “ការងារបន្ទាប់” ។
Chiellini បាននិយាយតាមវិទ្យុអុីតាលីថា “ខ្ញុំត្រូវការបទពិសោធន៍នៅកន្លែងផ្សេង ដើម្បីបញ្ចប់អាជីពជាកីឡាកររបស់ខ្ញុំបន្តិចម្តងៗ។ គាត់មិនបានបន្ថែមនៅពេលណាដែលគាត់នឹងបញ្ចប់ការលេងនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការងារជាមួយក្លិបថ្មី។ ខ្ញុំអាចផ្លាស់ទីទៅលីគដែលកំពុងរីកចម្រើនដែលខ្ញុំក៏អាចរីកចម្រើនខ្លួនឯងផងដែរ។ ខ្ញុំចង់ចូលរួមជាមួយអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្រៅទីលាន ប៉ុន្តែវានឹងត្រូវការការខិតខំប្រឹងប្រែង ការអត់ធ្មត់ និងការលះបង់”។
Chiellini បានចូលនិវត្តន៍ពីជម្រើសជាតិអុីតាលីកាលពីដើមខែនេះជាមួយនឹងការប្រកួតចុងក្រោយរបស់គាត់នៅកីឡដ្ឋាន Wembley នៅពេលដែលម្ចាស់ជើងឯកអឺរ៉ុបអុីតាលីចាញ់ការប្រកួតពានរង្វាន់Finalissima ក្រោមថ្វីជើងក្រុមជើងឯក Copa America អាហ្សង់ទីន។
ខ្សែការពារ Giorgio Chiellini បង្ហាញខ្លួនឲ្យជម្រើសជាតិអុីតាលីចំនួន១១៧ដង និងរកបាន៨គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។ សម្រាប់ការលេងឲ្យក្លិបវិញ កីឡាកររូបនេះបានចាប់ផ្តើមលេងឲ្យក្លិប Livorno កាលពីឆ្នាំ២០០២-២០០៤ បន្ទាប់មកបានចូលរួមជាមួយក្រុម Juventus ចាប់ពីឆ្នាំ២០០៤-២០២២នេះដោយលេងបាន៤២៥ប្រកួត និងរកបាន២៧គ្រាប់។ គាត់ក៏ត្រូវបានក្លិប Fiorentina ខ្ចីជើង១រដូវកាលផងដែរនៅឆ្នាំ២០០៤-២០០៥ ដោយលេងបាន៣៧ប្រកួត និងរកបាន៣គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)