ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនជនសង្ស័យ៣នាក់ដែល វាយគប់បង្កឲ្យមនុស្សស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ខណៈព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងខាងលេី ត្រូវបានតំណាងអយ្យការបេីកការស៊េីបសួររួចរាល់ហេីយពីបទ ឃាតកម្ម និងបទ សមគំនិតក្នុងអំពេីឃាតកម្ម តាមមាត្រា ២៩ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១ និង១០នាទី រំលងអធ្រាត្រអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម (វាយ-គប់បង្កឲ្យមនុស្សស្លាប់) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង ០០នាទី នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ ជិះម៉ូតូ០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០៣នាក់រួមមាន ៖
១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) , ២-ឈ្មោះ ពិន បូរី (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ អូន ដារ៉ា (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យ ស្លាប់ជនរងគ្រោះ ៖ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
នៅលើសាកសពមានស្នាមវាយនឹងក្បាលខ្សែក្រវ៉ាត់ គប់នឹងដុំថ្មត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសៈមៈ ។
សម្ភារបន្សល់ទុកកន្លែងកើតហេតុ មានដុំថ្ម០១ដុំ និងក្បាលខ្សែក្រវ៉ាត់០១ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបើកការស៊ើបសួរនៅឡើយ ៕
ដោយ ៖ រ៉ារ៉ា