ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគេបាញ់ធ្លាយស្មាបញ្ជូនមកសង្រ្គោះនៅភ្នំពេញដោយមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ ជនរងគ្រោះម្នាក់ត្រូវបានគេបញ្ជូនពីខេត្តមកសង្គ្រោះនៅរាជធានីភ្នំពេញទាំងយប់បន្ទាប់ពីរងនូវគ្រាប់កាំភ្លើងពីសំណាក់ជនមិនស្គាល់មុខ។

ចំពោះករណីខាងលើនេះគេនៅមិនទាន់ដឹង​ពីមូលហេតុ​អ្វីនៅ​ឡើយទេ។

បុរសរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់ឱ្យរងរបួសធ្ងន់នៅវេលា​ម៉ោង១០ និង៣០នាទី​យប់​ថ្ងៃទី១៥ ខែមិថុនា ស្ថិត​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេ​ខ១ ត្រង់​ចំណុច​ភូមិ​ពា​នី ឃុំ​ល្វា  ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

   ជនរង​គ្រោះត្រូវបានគេស្គាល់ឈ្មោះ ហឹង ផាន់​ណា​ ភេទប្រុ​ស អាយុ២៧ឆ្នាំ រស់នៅ​ភូមិក​គោ  ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ត្រូវ១គ្រាប់​ចំ​ស្មា​ខាង​ឆ្វេងផ្នែក​ខាងក្រោយ​ធ្លាយ​ចេញ​មក​ខា​ង​មុខ​របួស​ធ្ងន់ធ្ងរ ហើ​យ​ត្រូវ​បាន​ក្រុមគ្រួសារបញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​ទាំងយប់ដើម្បីឱ្យ​ក្រុម​គ្រូពេទ្យ​​ជួយសង្គ្រោះ ចំណែក​ឯ​ជន​បង្ក​​ហេតុមិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទ។

   លោកជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះ​ស្តេច​បាន​ឱ្យដឹងដែរ​​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី​ឆ្នាំ២០២២ ពាក់​ស្លាក​លេខ ព្រៃ​វែង 1V-0648 ធ្វើដំណើរ​ម្នាក់ឯង​ចេញពី​ភ្នំពេញ មានគោលដៅ​ទៅផ្ទះ​របស់​ខ្លួន​នៅ​ឃុំ​បន្ទាយចក្រី ប៉ុន្តែ​ពេល​មកដល់​ចំណុច​កើតហេតុក៏​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណជិះ​ម៉ូតូ១គ្រឿង​មក​ពីក្រោយ បាញ់១គ្រាប់​ត្រូវ​ចំ​ស្មាបណ្ដាល​ឱ្យ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ ភ្លាម​នោះ​ជនរងគ្រោះ​បាន​ស្ទុះ​រត់​ចូលផ្ទះ​អ្នកស្រុក​ដែល​នៅ​ជាប់​កន្លែងកើតហេតុ ហើយក៏​ដួលសន្លប់​នៅ​មាត់​ទ្វា​រផ្ទះ។ ចំណែក​ជន​បង្កបាន​ជិះ​ម៉ូតូ​គេច​ចេញទៅ​បាត់​ដោយ​សុវត្ថិ​ភា​ព​។

    លោក​អធិការ​បាន​បញ្ជាក់​ថា ជុំវិញ​ការ​បាញ់ប្រហារ​នេះសមត្ថកិច្ច​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថាជា​ករណី​អ្វី​ឱ្យប្រាកដ​នោះ​ទេ ព្រោះ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ជនរងគ្រោះ ហើយជន​ល្មើស​ពេល​ធ្វើសកម្មភាពមិនបាន​យក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ទេ ដូច្នេះ​មិន​អាច​សន្និដ្ឋាន​ថា ជា​ករណី​ប្លន់​ឡើយ​ ។

   បច្ចុប្បន្ន​ ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ រី​ឯ​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​៕

ដោយ៖ អារុណរះ


ចែករំលែក៖