ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) កាលពីរសៀលថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការ ដែលរួមមាន៖ លោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក សួន វ៉ានស ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យា ដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ដំណើរប្រព័ន្ធនេះនៅក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២២ តាមការគ្រោងទុក។
លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងនូវការកោតសរសើរ ដល់ភាគីជប៉ុនតំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងបណ្តាអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគម្រោងចាប់តាំងពីពេលដែលគម្រោងត្រូវបានចាប់ផ្តើមសិក្សា រហូតប្រព័ន្ធត្រូវបានរៀបចំរួច រាល់ស្ទើរតែទាំងស្រុង។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការរូបនេះ បានក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធត្រៀមលក្ខណៈឱ្យបានសព្វជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធអាចដំណើរការបានដោយរលូន ដើម្បីផ្តល់ជាប្រយោជន៍ដល់ភាគីនាវាកំពង់ផែ គយ និងសុខាភិបាល និងជាពិសេស ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែម ទៀតតាមរយៈការធ្វើទំនើបកម្មនីតិវិធីក្នុងការផ្តល់សេវាសាធារណៈ៕
ដោយ៖សហការី