ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ូ ម៉ុល ក្រើនរំលឹកដល់លោកស្មៀនឃុំទាំង១៦ក្នុងស្រុករមាសហែកត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលានិងឆាប់រហ័ស

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល ប្រធានគណបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកក្រើនរំលឹកដល់លោកស្មៀនឃុំទាំង១៦ក្នុងស្រុករមាសហែកត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលានិងឆាប់រហ័សនិងមិនត្រូវទារថ្លៃសេវាខុសច្បាប់កំណត់ឡើយ។

ការក្រើនរំលឹកនេះធ្វើឡើងនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា និងអនុវត្តទិសដៅបន្តខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុកកងកំលាំងប្រដាប់អាវុធទាំងបីលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់តាមព្រំដែន លោក លោកស្រីមេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង១៦ឃុំជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោកស៊ូ ម៉ុល ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជំរុញដល់អស់លោកលោកស្រីដែលជាអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលពាក់ពន្ធ័ត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៨យ៉ាង មានប្រសិទ្ធិភាពពិសេស បន្តជំរុញរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹងចលនា ប្រជាការពារឱ្យមានដំណើរការល្អ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ ។

បន្តខិតខំជំរុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍ស្រុក កម្មវិធីវិនិយោគឆ្នាំ រំកិលស្រុក ។

លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការហាមឃាត់ ប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់នានា បន្តផ្សព្វផ្សាយអំពីជំងឺផ្តាសាយបក្សី ដែលកើតមាននៅប្រទេសវៀតណាម  ទប់ស្កាត់នូវជំងឺCOVID-19 ប្រភេទថ្មី (អូមីក្រុង ) តាមរយៈវិធានការ អនាម័យរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

អាជ្ញាធរមូលដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គិភ័យ និង ខ្យល់កន្ត្រាក់ និងទឹកជំនន់។

បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់មើលក្រោយ ។

បន្តជំរុញការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និង ទាន់ពេលវេលា ស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖