ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. ចុះត្រួតពិនិត្យតាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ ការពារក្រែងមានអំពើកេងបន្លំលើអ្នកប្រើប្រាស់ណាមួយកើតឡើង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ស្រុកជ័យសែន ស្រុកឆែបនិងស្រុករវៀង ខេត្តព្រះវិហារ, ស្រុកបាធាយ ខេត្តកំពង់ចាម, ស្រុកមេសាង ស្រុកកំចាយមានិងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្រុករលាប្អៀ ស្រុកសាមគ្គីមានជ័យនិងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ស្ថានីយដេប៉ូប្រេងឥន្ធនៈសរុបចំនួន ៣៧ទីតាំង។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍្តទី១៦ ខែមិថុនា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា តាមរយៈលទ្ធផលនៃការត្រួតពិនិត្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីយើងបានពិនិត្យឃើញថាមានដេប៉ូចំនួន១០ ពុំមានភាពអនុលោមតាមរយៈការក្លែងបន្លំចំនួនលីត្រ ដូចនេះម្ចាស់ដេប៉ូខាងលើព្រមទទួលស្គាល់នូវកំហុសរបស់ខ្លួន និងព្រមទទួលការពិន័យអន្តរការណ៍ស្របតាមបញ្ញត្តិនៃច្បាប់ផងដែរ។
ជាមួយគ្នានោះ នៅថ្ងៃទី១៣ និង១៤ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងដែលមិនមានអនុលោមភាព។ ការចាត់វិធានការនេះគឺធ្វើឡើងស្របពេលមន្រ្តីជំនាញបន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈជាប្រចាំតាមស្ថានីយ និងដេប៉ូនៅក្នុងខេត្តនីមួយៗ។
គួរបញ្ជាក់ផងដែរថា ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលមន្រ្តីជំនាញបានត្រួតពិនិត្យសរុបចំនួន ២៤ទីតាំង និងចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូដែលមិនមានអនុលោមភាពផងដែរ៕
ដោយ៖សហការី