ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូឌុបនារីម្នាក់ទៀតពីក្រោយ ចេញពីក្លិបកម្សាន្តមួយកន្លែង ហើយជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកលឿនជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យដួលម៉ូតូរួចកិនពីលើស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កហេតុបន្តបើករត់ទៅមុខ តែត្រូវបានប្រជាពលរដ្ឋដេញពីក្រោយតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៤និង៣០នាទីព្រលឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទី១-ឈ្មោះខ្មៅ ភេទប្រុស អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ សពទី២-ឈ្មោះ អាមី ភេទស្រី អាយុជាង២០ឆ្នាំ មុខរបរជាអ្នកលក់ស្រាក្រឡុក មានស្រុកកណើតនៅខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FL-6766 ឌុបនារីម្នាក់ទៀតពីក្រោយតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត តែពេលបត់ដល់ពាក់កណ្តាលផ្លូវត្រូវបានរថយន្តដឹកទំនិញធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-7817 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀតត្រូវជាប្រពន្ធ បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូឌ្រីមចំពីមុខពេញទំហឹងបណ្តាលឱ្យដួលម៉ូតូ រួចកិនពីលើជនរងគ្រោះស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ គឺព្យាយាមបើករត់ទៅមុខរហូតមកដល់ផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបប្រជាពលរដ្ឋឃាត់បានរថយន្តនិងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំងពីរសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ