ប្រទេសជប៉ុន ៖ នៅថ្ងៃស្អែក ទី១៨ ខែមិថុនា ឆ្នាំ ២០២២នេះ លោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន តំណាងឲ្យលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅ Atsugi (Cambodia Private Commercial Center)។ នេះបើយោងតាមផេកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបន្តថា, ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅ Atsugi ត្រូវបានអនុញ្ញាតិជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ អនុលោមតាមគោលនយោបាយ ការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និង រកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។ នេះគឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការ របស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាស្ពានសម្របសម្រួល។ បន្ថែមលើអ្វីជាមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម ដែលមានស្រាប់កន្លងមកដោយផ្ទាល់ ឬអនឡាញ រវាងពាណិជ្ជករ-ពាណិជ្ជករ នៃប្រទេសទាំង២ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដ៏ស្រស់ស្អាត ដែលនឹងដាក់អោយដំណើរការនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នឹងក្លាយជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណៈជនទូទៅ មកទំនាក់ទំនងដោយផ្ទាល់ និង ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ ប្ញសាកសួរព័ត៌មានបន្ថែមពីច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានលើការម្រេចចាប់ដៃគូរធ្វើពាណិជ្ជកម្ម វិនិយោគនៅកម្ពុជាក៏ដូចជានៅជប៉ុន។
សូមបញ្ជាក់ថា, អញ្ជើញចូលរួមអបអរសារទរជាភ្ញៀវកត្តិយសដោយផ្ទាល់ និងតាមអនឡាញក្នុងឪកាសនោះ រួមមាន ឥស្សរៈជននយោបាយ, អ្នកការទូត, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អភិបាលក្រុង ស្រុក នៃខេត្តKanagawa, ប្រធានស្ថាប័នគាំទ្រពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្ម ប្រធានសមាគម តំណាងក្រុមហ៊ុន សហគមន៍ខ្មែរ និងបងប្អូនខ្មែរ ជប៉ុន ជាច្រើនកុះករ។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Kojima Holding Co., Ltd អាជ្ញាធរក្រុង ស្រុក ខេត្ត សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Atsugi ខេត្ត Kanagawa ស្ថានទូតជប៉ុននៅកម្ពុជា អង្គការ JICA, JETRO, ASEAN Japan Center (AJC), Japan Cambodia Association (JCA) និង ស្ថាប័ននានាដ៏ទៃទៀត ក៏ដូចជា លោក លោកស្រី ជាសមាជិករដ្ឋសភា ក្រុមប្រឹក្សាខេត្តស្រុក ក្រុង ក្រុមហ៊ុនពាក់ព័ន្ធ សហគមខ្មែរនៅជប៉ុន ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំ សហសេវិក នៅក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្ម សមាគមអាជីវករ ក្រុមហ៊ុនទាំងឡាយនៅខាងកម្ពុជា ដែលបានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ស្មារតី ឯកសារ សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ ក្នុងការរួមចំណែកធ្វើអោយកើតជារូបរាងឡើងនូវ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដំបូងគេលើទឹកដីជប៉ុន នៅពេលនេះ។
សូមចូលរួមអបអរសាទរ និងជូនពរ អោយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅ Atsugi ដំណើរការដោយរលូន រីកចម្រើនជានិច្ចនិរន្តន៍តទៅ ៕សូមអរគុណ!
ដោយ ៖ សិលា