ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា
បពិត្រសម្តេចព្រះវររាជមាតាជាតិខ្មែរជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨៦ យាងចូល៨៧ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់និងសហការីនៃកាកបាទក្រហមកម្ពុជា មានសេចក្ដីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវព្រះរាជ សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយហ្លួងបីជាម្ចាស់ដីទី៣ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះពលានុភាពមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្រ្តជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គជ្រកកោនប្រកបដោយក្តីសុខដុមរមនាជាភិយ្យេាភាពដ៏យូរអង្វែងតរៀងទៅ។
ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជាសម្តែងនូវ ព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូ កតវេទិតាធម៌ដ៏ធំធេងចំពោះព្រះរាជបូនីយកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែល សម្តេចព្រះមហាវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលតែងតែដង្ហែតាមព្រះរាជវីរគំរូដ៏ឆ្នើមបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដឹកនាំព្រះរាជកិច្ចដើម្បីឧត្តមប្រយោជន៌ជាតិ សាសនា និងព្រះមហាក្សត្រ ធ្វើឱ្យប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គនៅទូទាំងប្រទេសរស់នៅយ៉ាងសុខក្សេមក្សាន្តក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍តរៀងទៅ ។
ក្នុងវរឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតត្រ័យ ព្រះបារមីនៃវត្ថុស័ក្ដិសិទ្ធិក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៤៦៦ សូមអភិបាលប្រោះព្រំគ្រងរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់ ៕
ដោយ ៖ សិលា