ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ខណៈជិះម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់រួចជ្រុលទៅបុកជាមួយរថយន្តនិងម៉ូតូមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងវេលារសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះនួន វាសនា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-៨៨៨៧ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នករងរបួសម្ខាងទៀតមានឈ្មោះឈឿន លៀប ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកExciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-៣៧៩៧។
រីឯអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះពេលឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D- ៦២៦៨ នៅនឹងកន្លែង។
បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-៨៨៨៧ លើផ្លូវជាតិលេខ១ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-៦២៦៨ដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។បន្ទាប់មកក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកExciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-៣៧៩៧ធ្វើដំណើរពីលិចទៅកើតក៏បុកបន្តទៀត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងវេលារសៀល។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួសត្រូវដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន