ព័ត៌មានទាន់ហេតុការណ៍៖

គណអភិបាលខេត្តព្រះ សីហនុ រៀបចំពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ និងនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ នៅក្នុងវត្តពោធិពេជ្រគិរី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា ព្រមទាំងមន្ត្រីមូលដ្ឋានស្រុកព្រៃនប់ រៀបចំពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ និងនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ នៅក្នុងវត្តពោធិពេជ្រគិរី ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។  

លោក គួច ចំរើន និងសហការី សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងលំឱនកាយបួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូមសម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិតតម្កល់លើត្បូងប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាយុយឺនយូរដល់រយព្រះវស្សា សម្តេចព្រះមហាក្សត្រី គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានដល់ប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនម្លប់ដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ។ ព្រមទាំងបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា ព្រមទាំងនាំយកទេយ្យវត្ថុ និងចង្ហាន់ ព្រមទាំងបច្ច័យថ្វាយប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តពោធិ៍ពេជ្រគិរី ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ដោយ ៖ សហការី


ចែករំលែក៖