រុស្ស៊ីតែងតែរក្សាទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនិងប្រទេសលោកខាងកើត ប៉ុន្តែក្នុងពេលបច្ចុប្បន្នទំនាក់ទំនងជាមួយប្រទេសអឺរ៉ុបមិនស្ថិតនៅក្នុង អាទិភាពការទូតរបស់ទីក្រុងមូស្គូទៀតឡើយ។
ការប្រកាសខាងលើរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ NTV បន្ទាប់ពីវេទិកាសេដ្ឋកិច្ចនៅទីក្រុង St.Petersburg កាលពីថ្ងៃទី ១៦ខែមិថុនា។
សារព័ត៌មាន Tass បានផ្សាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីចង់សហការជាមួយប្រទេសទាំងអស់លើពិភពលោក រួមទាំងប្រទេសលោកខាងលិច និងលោកខាងកើតផងដែរ ។ ប៉ុន្តែសកម្មភាពរបស់ប្រទេសលោកខាងលិចនាពេលកន្លងមកធ្វើឱ្យរុស្ស៊ីត្រូវបង្កើនទំនាក់ទំនងជាមួយប្រទេសលោកខាងកើតវិញ។
លោក Lavrov បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា «បច្ចុប្បន្នយើងខ្ញុំបានបង្កើនទំនាក់ទំនងជាមួយប្រទេសលោកខាងកើត ដោយសារតែអឺរ៉ុបបានធ្វើឱ្យបាត់បង់ទំនុកចិត្តនិងអាទិភាពពីរុស្ស៊ី។ បើទោះបីជាយ៉ាងណាក៏ដោយក៏រុស្ស៊ីនឹងមិនកាត់ផ្តាច់ទំនាក់ទំនងជាមួយអឺរ៉ុបនោះដែរ៕ ដោយ៖ ធីរីណា
រូបថត៖ Tass