អន្តរជាតិ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសាទរចំពោះចំណាត់ការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រទី១៧ ខែមិថុនាម្សិលមិញនេះ ក្នុងការដាក់ប្រទេសរបស់លោកនៅលើមធ្យោបាយឆ្ពោះទៅរកការចូលជាសមាជិកភាពរបស់សហភាពអឺរ៉ុប។
ក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពអឺរ៉ុប បានថ្លែងកាលពីថ្ងៃសុក្រថា ជាការជំរុញនូវសញ្ញាសម្រាប់ប្រទេសអ៊ុយក្រែនក្នុងការទប់ទល់ទៅនឹងការវាយលុករបស់រុស្ស៊ីដែលកំពុងសម្លាប់ជនស៊ីវិល ធ្វើឱ្យទីក្រុងរងការបំផ្លាញ និងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រជាជន។ លោក Zelenskyy បាននិយាយថា លោកបាននិយាយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel កាលពីថ្ងៃមុនដើម្បីសម្របសម្រួលជំហានបន្ទាប់។
ជាមួយគ្នានោះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy លោក Johnson បានសន្យាបន្តផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលលើយុទ្ធោបករណ៍ថ្មីៗ។ ទោះបីជាលោកមិនបានថ្លែងលម្អិតអំពីជំនួយនេះក៏ដោយ ប៉ុន្តែលោកបាននិយាយថា ចក្រភពអង់គ្លេសនឹងដឹកនាំកម្មវិធីដែលអាចបណ្តុះបណ្តាលទាហានអ៊ុយក្រែនរហូតដល់១០,០០០នាក់រៀងរាល់ ១២០ថ្ងៃនៅក្នុងទីតាំងដែលមិនបានបញ្ជាក់នៅខាងក្រៅប្រទេសអ៊ុយក្រែន។ លោក Johnson បានបន្តសន្យាថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការដើម្បីពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងដើម្បីនាំចេញគ្រាប់ធញ្ញជាតិដែលកំពុងត្រូវបានរារាំងក្នុងសង្គ្រាមរបស់រុស្ស៊ី។
សូមជម្រាបថា ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Johnson បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំប្រទេសបារាំង អុីតាលី អាល្លឺម៉ង់ និងរ៉ូម៉ានីបានជួបលោក Zelenskyy និងបានស្ទង់មើលលើការបំផ្លាញដែលបង្កឡើងដោយរុស្ស៊ី។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា រុស្ស៊ីត្រូវតែសងថ្លៃខាតបង់ខ្ពស់បំផុតសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងទូទាត់សងសម្រាប់ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសនេះ៕ ដោយ៖ស តារា
រូបថត ៖ Reuters