ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កបុកជាមួយម៉ូតូហុងដាស្គូពី ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំទៅបុកម៉ូតូម៉ាកហុងដាស្គូពី ដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ លើផ្លូវលេខ៣១៧ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១និងលេខ២ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះ រ៉េន សុផាណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q- ១៤៩៤ខូចខាតទាំងស្រុង។

     ចំណែកអ្នកបង្កហេតុមានឈ្មោះឈឹម ឆុន អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១H-២៣៣៤ ខូចខាតយ៉ាងដំណំ។

    បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-១៤៩៤ក្នុង ទិសដៅពីត្បូងទៅជើង  ខណៈនោះស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១H-២៣៣៤ បើកបរពីជើងទៅត្បូងមិនប្រកាន់ស្តាំក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។

   អ្នករងគ្រោះធ្ងន់ត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកឯសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ

មធ្យោបាយធ្វើដំណើរសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖