ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ៖​ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាយើង

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាសមាគមន៍អតីតយុទ្ធជនកម្ពុជា  និង លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋ​លេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី ១៥ នៃទិវាសមាគមន៍អតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២២ នៅសាលប្រជុំគណបក្សរាជធានីភ្នំពេញ ។ ពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រី អភិបាលរងរាជធានី ,ប្រធាន អនុប្រធាន គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

បន្ទាប់ពីការអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នា។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ហើយថាការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន។

លោកអគ្គលេខាធិការ​ បានបន្តថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាយើង ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរ ជាពិសេទៅទៀតនោះគឺការផ្តល់អទិភាពជូនសមាជិកសមាគមអតីតយុទ្ធជនយើងទទួលបាននូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩បានគ្រប់ៗគ្នាក្នុងរយៈកាលកន្លងទៅនេះ ។

លោកនាយឧត្តមសេនីយ៍​ គន់​ គីម​ បានយកចំណុចសំខាន់មួយចំនួន នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាម ឃុំ សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ។

នាឱកាសនោះដែរ បងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីទទួលការឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងម្នាក់ៗទទួលបានថវិការចំនួន១០០.០០០រៀលផងដែរ៕

ដោយ៖ស​ តារា​


ចែករំលែក៖