ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ទិញបន្លែយកទៅលក់បន្តដោយគេចវេះមិនឱ្យលុយ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៤និង០០នាទី ជនសង្ស័យឈ្មោះស៊ីវ ស្រីហេង ភេទស្រី អាយុ៤៣ឆ្នាំ បានកុម្មង់ទិញបន្លែពីជនរងគ្រោះឈ្មោះកាន សិលា ភេទប្រុស ជាបន្តបន្ទាប់ ហើយមិនបានទូទាត់ សាច់ប្រាក់រហូតដល់ចំនួនដប់ប្រាំបីលានចិតសិបម៉ឺនរៀល យកមកលក់នៅផ្សារ ស៊ិនជូវិជ្ជាស្យា ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះតាមរកឃើញជនសង្ស័យឈ្មោះស៊ីវ ស្រីហេង នៅផ្ទះជួលក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួននាំមកប្រគល់ជូនសមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្ដង។ រហូតមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទីជនសង្ស័យត្រូវជាប្តីរបស់ជនសង្ស័យខាងលើឈ្មោះសន លីតូង ភេទប្រុស អាយុ៤៨ឆ្នាំ បានមកជួយ ដោះស្រាយជនសង្ស័យត្រូវជាប្រពន្ធដោយបានអង្គុយហូបទឹកសុទ្ធនៅកន្លែងលក់ដូរក្នុងសាលាសង្កាត់កាកាបទី១ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានទូរស័ព្ទប្រាប់ជនរង់គ្រោះថា ខ្លួនមានលុយចំនួនមួយលានរៀល ដើម្បីយកមកទូទាត់សាច់ប្រាក់ឱ្យជនរងគ្រោះឈ្មោះកាន សិលា ប៉ុន្តែជនរងគ្រោះមិនយល់ព្រម ដោយប្រាប់ជនសង្ស័យជាប្តីថាចាំមានលុយចំនួនប្រាំលានរៀលចាំនិយាយជាមួយគ្នា រួចជនសង្ស័យជាប្តីបានទៅរៃអង្គាសពីបងប្អូនបានលុយ ចំនួនមួយលានរៀលថែមទៀត ក៏ទូរស័ព្ទទៅជនរងគ្រោះ តែទូរស័ព្ទចូលហើយជនរងគ្រោះមិនលើកទៀត ។ ក្រោយមកជនរងគ្រោះបានលើកទូរស័ព្ទនិយាយថា ប្រសិនបើមានលុយចំនួនប្រាំលានគឺនិយាយជាមួយគ្នាបាន។
ក្រោយមកជនសង្ស័យជាប្តីក៏ដើរទៅយកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1N-3105នៅក្នុងរោងផ្ញើម៉ូតូក្នុងសាលាសង្កាត់កាកាបទី១ ក៏ឃើញប្រពន្ធរបស់ខ្លួនដើរចេញពីកន្លែងសមត្ថកិច្ចនគរបាល រួចក៏ដឹកប្រពន្ធជិះម៉ូតូចេញទៅដាក់នៅមុខរោងចក្រសេ៧ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២១និង០០នាទីជនសង្ស័យជិះម៉ូតូតែម្នាក់ឯងមកផ្ទះជួលវិញនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលដល់ផ្ទះជួលក៏ចូលសម្រាកបាត់ទៅ ។ រហូតថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០ នាទី ក៏មានសមត្ថកិច្ចនគរបាលចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាប្ដីឈ្មោះស្រែន លីគ័ង ភេទប្រុស យកមកសាកសួរនៅផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្ដង។ ចំណែកជនសង្ស័យជាប្រពន្ធឈ្មោះស៊ីវ ស្រីហេង អាយុ៤៥ឆ្នាំ បានរត់គេចខ្លួន
បាត់ទៅ។ តាមការសន្និដ្ឋាននិងវាយតម្លៃហើយបើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានធ្វេីដូចករណីខាងលេីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ