ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៤ ទៀត ប្រកបអាជីវកម្មមិនសុចរិត

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅថ្ងៃសៅរ៍ទី​១៨ ខែមិថុនា​​ ឆ្នាំ​២០២២​នេះថា​៖​ មន្រ្តី​ជំនាញសាខា ក.ប.ប.​បតាមបណ្ដាខេត្តមួយចំនួ​ន​ បន្ត​រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៤ ទៀត ប្រកបអាជីវកម្មមិនសុចរិត។ 

ប្រភពដដែលបន្តថា​ ដើម្បីបន្តការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានអនុវត្តភារកិច្ចរបស់ខ្លួន ដោយធ្វើការត្រួតពិនិត្យតាមបណ្តាស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកសាលាក្រៅនិងក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកពារាំង ខេត្តព្រៃវែង ស្រុកកងមាស ខេត្តកំពង់ចាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាលទ្ធផល មន្ត្រីជំនាញ​បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានីយ ដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ២៥ទីតាំង ដោយក្នុងនោះដេប៉ូចំនួន៤ ត្រូវបានមន្ត្រីជំនាញរកឃើញថាបានប្រព្រឹត្តអំពើមិនសុចរិត ដោយធ្វើការបន្លំចំនួនលីត្រ ដូចនេះមន្ត្រីជំនាញបានរៀបចំវិធានការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖