ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមដាំដើមកោងកាងចំនួន៥០០០ដើម​ ដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា​

ចែករំលែក៖

ខេត្ត​កែប​៖​ លោកស្រី​ ឌិត នីតា  ភរិយាលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមដាំដើមកោងកាង ចំនួន៥០០០ដើម នៅតាមបណ្តោយឆ្នេរសមុទ្រខេត្តកែប ដើម្បីអរសាទរ ទិវាបរិស្ថានជាតិ និង   បរិស្ថានពិភពលោក ៥មិថុនា ២០២២ ។ ការអញ្ជើញចូលរួមនៅក្នុងព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះ​ ក៏មានការអញ្ចេីញចូលរួមជាវត្តមាន លោកស្រី​ ម៉ុម ថានី រដ្ឋលេខាធិការក្រសួបរិស្ថាន​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប សមាជិក​ សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍក្រសួងបរិស្ថាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ​ និងបងប្អូនប្រជាសហគមន៍នេសាទភូមិថ្មី ជាច្រេីនរយនាក់។

  ថ្លែងសុន្ទរកថាស្វាគមក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា ឆ្នាំ២០២២ នាពេលនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែប បានជំរុញគ្រប់មន្ទីរ វិស័យទាំងអស់ ក៏ដូចជាសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំដើមឈើអោយបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាពបរិស្ថាន ឱ្យបានល្អ លើកំពស់សោភណភាពទីក្រុងបៃតង ។  លោកអភិបាលខេត្ត​ បញ្ជាក់បន្ថែមថា អាជាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ  សំដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូរអង្វែង។

   មានប្រសាន៍លើកឡើងក្នុងឱកាសនោះ លោកស្រី​ ឌិត នីតា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ៥មិថុនា ឆ្នាំនេះភ្ជាប់ជាមួយនិង ប្រធានបទ “ថែទាំផែនដី ដើម្បីសុខភាពយើង” ដើម្បីស្វែងរកថាមពលកើតឡើងវិញ បច្ចេកវិទ្យាបៃតង ការកែលំអរគុណភាពខ្យល់ក្នុងទីក្រុង ទីជនបទ​ នៅទូទាំងពិភាពលោក ពិសេសដើម្បីលើកកំពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង ការប្រើប្រាស់ធានធានធម្មជាតិប្រកបដោយនិរន្តភាព  ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន លើកំពស់សុខភាពសាធារណៈ និងបំផុសឱ្យមានការចួលរួមឱ្យកាន់តែខ្លាំក្លាថែមទៀត​ ទាំងស្មារតី សម្ភារៈ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ។

  សូមបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំនេះ ក៏មានការសហការជាមួយក្រុមហ៊ុន ISI ដោយបានចែកជូនអាវយឺតដល់អ្នកចូលរួម និងសហការរៀបចំ សម្រាប់ដំណើរការកម្មវិធី និងរួមគ្នាធ្វើការដាំដើមកោងកាងចំនួន៥០០០ដើមផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖