ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសង្វេគណាស់!! ក្មេងប្រុសម្នាក់ត្រូវរថយន្តបុកកិនបែកក្បាលចេញខួរ នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់ ត្រូវបានរថយន្តបុកហើយកិនបែកក្បាលចេញខួរ បណ្តាលឲ្យស្លាប់ភ្លាមៗគួរឲ្យរន្ធត់ណាស់ ខណ:ដើរឆ្លងកាត់ផ្លូវជាតិ។ រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការនគរបាលខេត្តនៅថ្ងៃទី១៨ ខែ មិថុនាឆ្នាំ២០២២។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២២ តាមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យត្រពាំង ច្រេស ស្រុកកូនមុំ ស្ថិតនៅក្នុងភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ 

យោងតាមរបាយការណ៍ពីអធិការរដ្ឋាននគរបាលស្រុកកូនមុំ បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស លាយក្រហម ពាក់ស្លាកលេខត្បូងឃ្មុំ 3A-2965 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:ក្មេងរងគ្រោះនោះ កំពុងលេងនៅក្នុងសាលារៀន ហើយបានដើរចេញពីសាលារៀនរត់ឆ្លងផ្លូវមកផ្ទះវិញ ត្រូវរថយន្តបុកកិនបែកក្បាលស្លាប់មួយរំពេច។ 

របាយការណ៍បានបញ្ជាក់ថា អ្នកបេីកបររថយន្ដបង្ក ឈ្មោះ នន នីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបេីកបររថយន្ត និង២-ឈ្មោះ ទិត តយ ភេទ ប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ ជាព្រូឡាន។ ក្មេងប្រុសរងគ្រោះឈ្មោះ ហ័ង តុងសុីង អាយុ៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

រីឯឪពុកឈ្មោះ ហេង សុខហ៊ា និងម្ដាយឈ្មោះ ជូន ចាន់សេង មានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ 

មុនពេលកើតហេតុក្មេងរងគ្រោះបានទៅលេងនៅក្នុងសាលារៀនរួចហើយក៏រត់ចេញមកផ្ទះរត់ឆ្លងផ្លូវបណ្ដាលឲ្យរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តក៏បានបើករត់គេចខ្លួនតែត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកូនមុំសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧៨៩ទប់ស្កាត់ ក៏ឃាត់បានរថយន្តបង្កនិងអ្នកបើកបររថយន្តម្នាក់ និងព្រូរថយន្តម្នាក់។  

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២២ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖