ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឱ្យសមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅប្រទេសបារាំង ត្រូវថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដាច់ខាតមិនឱ្យក្រុមប្រឆាំងណាមកបំផ្លាញ ទោះបីជាត្រូវ បាត់បង់ក្នុងតម្លៃណាក៏ដោយ

ចែករំលែក៖

ប៉ារីស៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឲ្យសមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅប្រទេសបារាំង  ត្រូវថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដាច់ខាតមិនឱ្យក្រុមប្រឆាំងណាមកបំផ្លាញ ទោះបីជាត្រូវ បាត់បង់ក្នុងតម្លៃណាក៏ដោយ ។ លោកស្រីបានស្នើបែបនេះ ខណៈ លោក ស្រីចូលរួមជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ប្រមាណជាង២០០នាក់ ដែលជា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បានមកជួបជុំគ្នារៀបចំពិធីអបអរសាទរ ខួបលើកទី ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១ ដល់ ២៨-មិថុនា-២០22) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាល ពីរសៀលថ្ងៃព្រហស្បតិ៍២រោច ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។

      ពិធីអបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាល ក្រោមអធិបតីភាពរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

    លោកស្រីក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ បងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសបារាំងទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។

     លោកស្រីបានបន្តទៀតថា ៖ ការរៀបចំពិធី “អបអរសាទរខួប លើកទី៧១ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា” គឺបានប្រារព្ធមុនចំនួន ១២ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។ ពិធីនេះរៀបចំឡើងក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យពីអាណានិគមបារាំងក្រោយបង្កើតឡើងនៅឆ្នាំ១៩៥១។ ជាពិសេស គឺគុណតម្លៃដ៏ធំធេងរបស់បក្សក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយ ឈ្នះ ឈ្នះ និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ។

    លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានរំលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់នៃប្រទេសបារាំង ត្រូវការប្រកាន់ជំហដ៏ម៉ឹងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលកម្ពុជាប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឱ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយនោះ៕

ដោយ ៖ សំរិត


ចែករំលែក៖