ភ្នំពេញ៖ កម្លាំងអធិការនគរបាលខណ្ឌកំបូលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តិអំពើហិង្សា(ឆក់យកទូរស័ព្ទ)។
សមត្ថកិច្ចនគរបាលខណ្ឌកំបូលបានឱ្យដឹងថាករណីនេះបានកើតឡើង នៅចំណុចមុខការាសប្រេងតេលា ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៨ និង ៣០នាទី។
ប្រភពពីសមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា,ជនរងគ្រោះ ភេទ ស្រី អាយុប្រហែល ២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ចំណែកជនសង្ស័យមានគ្នា០៣នាក់ ៖
១-ឈ្មោះ ហ៊ុន ហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)(មានសារធាតុញៀន)។
២-ឈ្មោះ ម៉ូវ ធារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)(មានសារធាតុញៀន) ។
៣-ឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន)(មានសារធាតុញៀន)។ជនសង្ស័យត្រូវកម្លាំងឃាត់ខ្លួនបាននៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២២ ដោយមានការសម្របសម្រួល និងឯកភាពពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ឈឹម សាវុទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌកំបូលបានឱ្យដឹងថា,កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ របស់អធិការដ្ឋានននគរបាលខណ្ឌកំបូល បានចុះល្បាតក្នុងមូលដ្ឋាន ដល់ចំណុចផ្លូវលំ ភូមិត្មាតពង (សង្កាត់បឹងធំ) ក៏បានឃើញជនសង្ស័យឈ្មោះ ហ៊ុន ហុង និងឈ្មោះ ម៉ូវ ធារ៉ា កំពុងឈរលេងនៅមុខផ្ទះ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យទាំង ០២ នាក់ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ទើបជនសង្ស័យឈ្មោះ ហ៊ុន ហុង និងជនសង្ស័យឈ្មោះ ម៉ូវ ធារ៉ា បានសារភាពថា កាលពីថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០២២ វេលាម៉ោងប្រហែល១៨ និង៣០នាទី ជនសង្ស័យឈ្មោះ ហ៊ុន ហុង និងបក្ខពួកឈ្មោះ ម៉ូវ ធារ៉ានិងឈ្មោះ ហ៊ុន ហេង បាន ធ្វើសកម្មភាពឆក់ទូរស័ព្ទពីមនុស្សស្រីម្នាក់ម៉ាកអូប៉ូ ពណ៌ខ្មៅ នៅចំណុចមុខការាសប្រេងតេលា ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ(សង្កាត់កន្ទោក)។
ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យឈ្មោះហ៊ុន ហុង និងជនសង្ស័យឈ្មោះ ម៉ូវ ធារ៉ា នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២ វេលាម៉ោងប្រហែល១៥ និង០០ នាទី ទើបសមត្ថកិច្ចយើងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ុន ហេង នៅចំណុចភូមិត្មាតពង (សង្កាត់បឹងធំ) នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ជនសង្ស័យឈ្មោះ ហ៊ុន ហេង បានសារភាពថា« ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់គេកាលពីថ្ងៃទី១៣ពិតប្រាកដមែន »។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៣នាក់ និងមានការបញ្ជាផ្ទាល់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា