ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងស្រវឹងបើករថយន្តឡិចស៊ីសRX330 ទៅបុករថយន្ត Toyota Prius កំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តឡិចស៊ីសRX330 ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនហើយជ្រុលទៅបុករថយន្ត Toyota Prius កំពុងបត់ឆ្វេងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យប៉ើងទៅម្ខាងផ្លូវរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អដែរមិនមានអ្នករងរបួស។

       ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីចោមចៅ កែងនិងផ្លូវឌួងឌៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

      តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BE -8431 ធ្វើដំណើរតាមមហាវិថីចោមចៅទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BD-1937បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកចំទ្វារមុខខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Prius ប៉ើងទៅម្ខាងផ្លូវរងការខូចខាតទាំងសងខាងយ៉ាងដំណំ រីឯរថយន្តឡិចសុីស ក៏ខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងដូចគ្នា ។

       ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកចំណុចកើតហេតុបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយសម្រួសមិនត្រូវ ទើបសមត្ថកិច្ចទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖