ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ៣ខ្នងដែរត្រូវបានដួលរលំនិងរបើកដំបូលដោយសារតែមានភ្លៀងនិងខ្យល់កន្រ្តាក់បោកបក់លើ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់នោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ១៨ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងជ្រៃ ភូមិថ្លុកវាយទី១ក្នុងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ មានភ្លៀងនិងខ្យល់កន្រ្តាក់បក់បោកបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដែលមានម្ចាស់ទី១-ឈ្មោះ ហេល គឿន ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ដោយផ្ទះសង់ពីឈេីប្រក់ក្បឿង មានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ របើកដំបូលក្បឿងអស់ចំនួន១៥០សន្លឹក។ ទី២-ផ្ទះឈ្មោះគុំ ស្រីនិច ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ដែលផ្ទះសង់ពីឈេីមានទំហំ៧ម៉ែត្រគុណនឹង៩ម៉ែត្រ របេីកដំបូល ខូចខាតគ្បឿងអស់ចំនួន១២០សន្លឹក និងទី៣-ផ្ទះឈ្មោះឌិន តង់ ភេទស្រីអាយុ៤៧ឆ្នាំ នៅភូមិថ្លុកវាយទី១ ឃុំក្រសាំង ដែលផ្ទះសង់ពីឈេីមានទំហំ៣គុណនឹង៥ម៉ែត្រ បានរបីកដំបូលស័ង្កសីចំនួន៧សន្លឹក ប៉ុន្តែគ្រោះថ្នាក់នេះមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
អាជ្ញាធរមូលដ្ឋានស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៏ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖យឹម សុថាន