ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

៧-ពោធីអាពាហ៍ពិពាហ៍មង្គល÷

 ក).ថ្ងៃទី១ចូលរោង:

  ទំនៀមការរបស់ខ្មែរនេះ តាំងពីបូរាណរៀងមក លោកកំណត់ទុកជាបីថ្ងៃ។ ថ្ងៃដំបូងហៅថាថ្ងៃចូលរោង ថ្ងៃទីពីរហៅថាថ្ងៃស៊ីកំណត់ និងថ្ងៃទីបីហៅថាថ្ងៃសំពះ។ តែមុននឹងចូលរោងអ្នកសាមីដើមការត្រូវចាត់ឲ្យអ្នកផ្លូវទៅជម្រាបជូនផ្ទះ និងសុំអនុញ្ញាតកិច្ចការផ្សេងៗដល់មេបាខាងស្រីគឺ 

– វារៈដំបូង: ត្រូវជម្រាបជូនផ្ទះដែលសង់ថ្មីនោះទៅមេបា(តែស្រុកខ្លះគេឲ្យជូនក្នុងថ្ងៃទី 2)។

– វារៈទី២: ត្រូវសូមទីដី ជើងទឹកជើងគោក សម្រាប់ធ្វើការ គឺសុំព្រៃរកអុស សុំកំពង់ដងទឹក សុំដី ជីកគុល សុំដីជីកជើងក្រាន សុំសង់រោងផ្កាស្លា និងសង់រានទេវតា។

– វារៈទី៣: សុំផ្សំខ្សែ ទ្រចាប៉ី គោះគងទូងកេរី នាំអ្នកសាមីខ្លួននិងភស្តុភាបណ្ដាការចូលរោងមង្គលការគឺរោងផ្កាស្លា។

– វារៈទី៤: ត្រូវសុំផ្ទះលោកមេបានិងរៀបចំធ្វើមង្គលការ។

– វារៈទី៥: ត្រូវសុំឲ្យលោកមេបាប្រមូលញាតិសន្តានឲ្យអញ្ជើញមកជួបជុំក្នុងថ្ងៃព្រឹកស្អែកនោះ និងបានសែនព្រេនជូនដូនតានៅលើស្លាដក់ ស្លាកន្សែង ស្លាថង់រងជូនពិសាតាមទំនៀមក្នុងគន្លឹះតាមវារៈទាំងប៉ុន្មានដែលអ្នកផ្លូវសុំនោះបើជាការមិនខុសទាស់និងច្បាប់ឬទំនៀមទម្លាប់មេបាត្រូវអនុញ្ញាតឲ្យជាដរាប។

ខ).ថ្ងៃទី២ស៊ីកំណត់:

  ថ្ងៃទី ២ វេលាព្រឹកក្នុងរវាងម៉ោង ៧ ទៅម៉ោង ៨ ជាវេលាដែលត្រូវសែនព្រេនជូនដូនតា និងស៊ីស្លាដក់ ស្លាកន្សែង ស្លាថង់រង កំណត់មេបាហៅថាស៊ីស្លាកំណត់ឲ្យខ្លី។ត្រូវឲ្យអ្នកសម័យដើមការនាំភត្ដភាគទាំងនោះព្រមដោយឃើញជាក់ភោជនីយហារ គឺចង្អាប២ថាស ឬ២តុបង្អែម២ថាស ឬ២តុ មាន់ស្ងោ 1១គូ ទា១ គូសាច់ជ្រូក១ភ្លៅទៅរៀបនៅល្វែងឆ្នៀងផ្ទះការនោះស្រេចហើយ ឲ្យអ្នកផ្លូវទៅនិយាយការនិងមេបាតាមទំនៀមដូច្នេះ:

– វារៈដំបូង: អ្នកផ្លូវត្រូវជម្រាបថា ពីថ្ងៃម្សិលមិញសាមីដើមការរកខ្ញុំទាំងបីនាក់ឲ្យជាអ្នកផ្លូវមកសុំដី ជើងទឹក ជើងគោក រហូតដល់ទៅសុំប្រមូលញាតិឲ្យសន្ដានដូចមានកំណត់ជូនពីថ្ងៃមុនស្រាប់។

– វារៈទី២: ត្រូវបន្ថយជណ្ដើរចាស់ផ្លាស់ដាក់ជណ្ដើរថ្មី សុំបន្ថយជញ្ជាំងថ្មី សុំចងភ្នាកដៃ សុំក្រាលកន្ទេលជូនលោកមេបានឹងបាននិយាយមង្គលការតទៅ(តែទំនៀមខ្លះ ឬអ្នកខ្លះ ក្នុងវារៈទី ២នេះ គេជូនផ្ទះការទៅលោកមេបាវារៈទី ៣ ទើបសុំបន្ថយជញ្ជាំង។ល។

– វារៈទី៣: ត្រូវសុំឲ្យលោកមេបាប្រមូលញាតិសន្ដាន។

– វារៈទី៤: ថាវេលានេះល្មមនឹងសែនព្រេនចាស់ទុំហើយ សូមអញ្ជើញអស់លោកមេបាសែនព្រេន។

  ក្នុងខណៈនោះពួកមេបាត្រូវបបួលគ្នាសែនព្រេនដោយខជ្ជភោជនីយាហារដែលពោលហើយ គឺសែនជម្រាបរំលឹកដល់ជីដូនជីតា ជាដើម ដែលធ្វើកាលកិរិយាទៅហើយឲ្យបានជ្រាបទូទៅ ដ្បិតមេបានឹងរៀបមង្គលការទូទៅកុំឲ្យប្រកាន់ថាជាការខុសឆ្គងអ្វីឡើយ។

– វារៈទី៥: កាលសែនព្រេនរួចហើយ ត្រូវជម្រាបតទៅទៀតថា វេលាល្មមនឹងលើកស្លាដក់ស្លាកន្សែង ថង់រងកំណត់ជូនពិសាហើយ តើទំនៀមលោកមេបានឹងពិសានៅល្វែងណា? សូមមានប្រសាសន៍?

  ត្រង់នេះមានទំនៀមថា ស្លាដក់ ស្លាកន្សែង ត្រូវស៊ីនៅល្វែងឆ្នៀង ស្លាដក់រងកំណត់ត្រូវស៊ីនៅល្វែងច័ន្ទ គឺល្វែងកណ្ដាល។ ទាំងនេះស្រេចនៅលើលោកមេបានឹងស៊ីញែកដូច្នេះក៏បាន និងស៊ីគួបក៏បាន បើស៊ីគួប ត្រូវរួមទៅស៊ីនៅល្វែងប័នតែម្ដង ត្រូវប្រាប់ទៅអ្នកផ្លូវវិញតាមការគួរ។ (នៅមានត)

ជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖