អតីតបេក្ខភាពប្រធានាធិបតីអាមេរិក និងជាអតីតរដ្ឋមន្ត្រីការបរទេស លោកស្រីហ៊ីលឡារី គ្លីនតុន បានលើកឡើងថា អាមេរិក នឹងត្រូវដកចេញពីអង្គការណាតូ ប្រសិនបើលោកត្រាំជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ។
សារព័ត៌មាន Financial Times របស់អង់គ្លេស បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយលោកស្រីបានលើកឡើងថា «ប្រសិនបើលោកត្រាំជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២០នោះ ពេលនេះអាមេរិកនឹងត្រូវបានលោកត្រាំដកចេញពីណាតូ ហើយ»។
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦របស់អាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិនទទួលបានជ័យជម្នះ ។ ប៉ុន្តែលោកត្រាំ មិនទទួលស្គាល់ការបរាជ័យរបស់ខ្លួននោះឡើយ ហើយមិនចូលរួមក្នុងពិធីផ្ទេរតំណែងឱ្យទៅលោកបៃឌិន នោះឡើយ។ ហេតុការណ៍បែបនោះបានកើតឡើងជាលើកដំបូងក្រោយរយៈពេល១៥០ឆ្នាំ។ នៅពេលនេះដែរប្រធានាធិបតីត្រាំ បានប្រកាសថានឹងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤៕ ដោយ៖ ធីរីណា
រូបថត៖ AP