ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់និងរបួសជិត២០នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរបុកជាមួយម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗ និង ១៦នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរបុកជាមួយម៉ូតូយ៉ាងពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧  ត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តប្រភេទទេសចរណ៍១២កៅអីពណ៌សមួយគ្រឿងម៉ាក TURBO ROSA ពាក់ស្លាកលេខ សៀមរាប 3A.1024  បើកបរដឹកភ្ញៀវពេញក្នុងទិសដៅពីលិចទៅកើត (ប៉ៃលិន-បាត់ដំបង) លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-7604 បើកបរដោយឈ្មោះ សេង តុលា ភេទប្រុស អាយុ២០ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ទិត្យ សុវណ្ណ ភេទប្រុស អាយុ១៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច និងបានឡើងវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតបានជ្រុលទៅបុករថយន្តខាងលើពេញទំហឹង បណ្តាលឱ្យរថយន្តរេចង្កូតទៅបុកគ្រឹះប៉ាយការាសសាំងក្រឡាប់ចាក់មនុស្សពេញផ្លូវតែម្តង។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ គេសង្កេតហើយនៅក្នុងរថយន្តមានអ្នករួមដំណើរសរុបចំនួន ៣២នាក់ ក្នុងនោះរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ ត្រូវបានរថយន្តសង្គ្រោះស្នឹង និងរថយន្តសង្គ្រោះរតនៈមណ្ឌល ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ភ្លាមនៅនឹងកន្លែង ដោយឡែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់សាកសពទាំងពីរនាក់ឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូដែលខ្ទេចខ្ទីត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖