ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីវេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធី រំលឹកខួបអនុស្សាវរីយនៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) រយ:ពេល ៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃ២១ខែមិថុនា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីវេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធី រំលឹកខួបអនុស្សាវរីយនៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) រយ:ពេល ៣ឆ្នាំ ដែលពិធីនេះបានរៀបចំឡើងនៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងដោយមានការអញ្ជើញចូលរួមពី លោកអញ្ជើញមកក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ។

មន្ទាប់ពីមានមតិស្វាគមន៍ លោករដ្ឋមន្ត្រីបានអានសន្ទរកថាជូនអង្គពិធីបានជ្រាបអំពីសាវតារ នៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជានេះឡើងក្នុងគោលបំណងគឺដើម្បីជំរុញឱ្យមានការទទួលយកកាន់តែទូលំទូលាយនៃវិធីសាស្រ្ត និងបច្ចេកទេសច្នៃប្រឌិតថ្មីទាំងនេះ ហើយវាគឺជាយន្តការថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងជាវេទិកាសម្រាប់ការលើក កម្ពស់កសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាព ឆ្ពោះទៅកាន់ការផ្លាស់ប្តូរជាកសិកម្មអេកូឡូស៊ីនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។ សម្ព័ន្ធគ្រប់គ្រងដោយ MAFF តាមរយ:គណៈកម្មការតម្រង់ទិស ដែលសមាជិកមកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងធន ធានទឹក និងឧតុនិយម និងសភាពាណិជ្ជកម្មកម្ពុជា។ សកម្មភាពសំខាន់ៗដែលសម្ព័ន្ធ បានអនុវត្តក្នុងរយ:ពេល ៣ឆ្នាំកន្លងមក លទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាពអនុវត្តបន្ត សំណូមពរ និងអនុសាសន៍បន្ថែម។ 

លោករដ្ឋមន្ត្រី ឆ្លៀតយកឱកាសនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូ និងក្រុមការងារសម្ព័ន្ធដែលបានរួមសហការអនុវត្ត ការងារទទួលបានលទ្ធផលល្អប្រសើរ និងបានគាំទ្រឲ្យបន្តការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព និងកសិកម្មអេកូឡូស៊ី ឲ្យកាន់តែល្អប្រសើរ ឈានឆ្ពោះទៅកាន់មាគ៌ាថ្មីមួយសម្រាប់ផលិតកម្មកសិកម្ម និងការគ្រប់គ្រងដីធ្លី និងជីវចម្រុះ និងការប្រមូលកាបូនក្នុងដីប្រកបមដោយនិរន្តរភាព។ បង្កើនសមត្ថភាពច្នៃប្រឌិត និងទេព្យកោសល្យ ដែលនាំឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ និងសហគមន៍កាន់តែប្រសើរឡើង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចសកល ៕

ដោយ ៖ សិលា


ចែករំលែក៖