ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រភេទសំណង់ឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ចំនួន៤ខ្នងផ្ទះ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសក្នុងហេតុការណ៍នេះឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះពលរដ្ឋ មួយខ្នង ហើយពួកគេបាននាំគ្នារត់ចេញក្រៅយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែពុំអាចគ្រប់គ្រងបានទេ។ ភ្លាមៗនោះអាជ្ញាធរខណ្ឌបានទាក់ទងទៅកម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុ។
សូមបញ្ជាក់ផងដែរថា នៅចំណុចលើបឹងកំប្លោកនេះមានផ្ទះពលរដ្ឋសាងសង់ជិត១០ខ្នងផ្ទះ ត្រូវបានអគ្គិភ័យឆាបឆេះនិងរាលដាលឆេះអស់ចំនួន០៤ខ្នងផ្ទះ។
មន្រ្តីទទួលបន្ទុកពន្លត់អគ្គិភ័យបានឱ្យដឹងថា ក្នុងហេតុការណ៍ឆេះផ្ទះពលរដ្ឋប្រភេទសំណង់ឈើប្រក់ស័ង្កសីបែបនេះ គឺអណ្ដាតភ្លើងឆាបឆេះលឿន ធ្វើឱ្យមន្រ្តីជំនាញលំបាកក្នុងការបាញ់ទឹកពន្លត់ឱ្យបានទាន់ពេលវេលា ប៉ុន្តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ក្នុងគ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុជាច្រើនគ្រឿងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនរថយន្តទើបរលត់ជាស្ថាពរ។ ចំពោះមូលហេតុនៃការឆេះមន្ត្រីជំនាញបានបញ្ជាក់ជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ ៖ រ៉ារ៉ា