ខេត្តបន្ទាយមានជ័យ ៖ ក្រុមឆក់កាបូបឆ្លងខេត្តចំនួន៣នាក់ត្រូវបាននគរបាលស្រុកស្វាយចេក តាមក្របួច គ្រាដែលជិះម៉ូតូ០១គ្រឿង ដែលធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ២នាក់បានសម្រេចរួចហើយជិះគេចខ្លួន ។
ហេហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២៨នាទីព្រឹក ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពពីលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលនគរបាល ស្រុកស្វាយចេកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ជាស្ត្រីចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿង ពីត្បូងទៅជើង។ លុះដល់ចំណុចផ្លូវកោង ភូមិតាស្មន់ ឃុំរលរលួសស្រាប់តែមានជនមិនស្គាល់មុខចំនួន០៣នាក់ជាបុរសជិះម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ សៀង សារុំ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខណៈកំពុងជិះម៉ូតូ០១ម៉ាកហុងដាទ្រីម រួមដំណើរជាមួយឈ្មោះ ស៊ិវ ដាណេ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិក្លិង ឃុំស្វាយចេក ស្រុកស្វាយចេក។ ករណីនេះ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលរបួសទាំង០២នាក់ ធ្ងន់០១នាក់បាក់ដងកាំបិតស្មាធ្វេង ហើយបងប្អូនបានយកទៅព្យាបាលនៅគ្លីនិកឯកជនបានសុខ ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង០៣ជិះម៉ូតូទៅទិសខាងជើងបាត់ ។
លោកអធិការបានបញ្ជាក់ថា សម្ភារក្នុងកាបូបដែលជនសង្ស័យឆក់បានរួមមាន ៖ ១-លុយដុល្លារចំនួន១០៥០ដុល្លារ, ២-លុយបាត៧,៥៣០០បាត, ៣-ខ្សែដៃមាស ទម្ងន់៥ជី, ៤-ទូរស័ព្ទដៃ ១គ្រឿងម៉ាកoppo, ៥-លុយខ្មែរចំនួន ៩១០.០០០រៀល, ៦-កាតគ្រីម៉ូតូ២សន្លឹក កាតចាក់វ៉ាក់សាំង ០១សន្លឹក -និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងនគរបាលព្ព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការដេញតាមចាប់ជនសង្ស័យ០១នាក់ ឈ្មោះ យ៉ុម តៃវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ និងម៉ូតូ០១គ្រឿង។ ចំណែកបក្ខពួក០២នាក់រត់គេចខ្លួនបាត់។ បន្ទាប់ពីសួរចម្លើយរួច កម្លាំងនគរបាលបានបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបក្ខពួកគេចំនួន០២នាក់ទៀត នៅវេលាម៉ង០៤រសៀលថ្ងៃដដែល មាន ៖ ១/-ឈ្មោះ រ៉ូ ឌី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២/-ឈ្មោះ ឃឿត ផាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមទាំងដកហូតបានវត្ថុតាងកាបូបនិងសម្ភារដែលពួកគេឆក់បាន។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងម៉ូតូ១គ្រឿងត្រូវកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ ស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសម្ភារៈជនរងគ្រោះ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញ៕
ដោយ ៖ វណ្ណា