ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយយប់មានគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាដោយរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋ និងម៉ូតូសណ្តោងរុឺម៉កបុកម៉ូតូបណ្តាលឱ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយៈពេលមួយយប់មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបានកើតឡើងនៅស្រុកស្វាយទាបនិងស្រុករមាសហែកបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់២នាក់។ ករណីទី១គឺរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋ និងករណីទី២ម៉ូតូសណ្តោងរុឺម៉កបើកបរគ្មានភ្លើងបំភ្លឺផ្លូវទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នា។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៨និង១៣៩ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមានរថយន្តធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស  ពាក់ស្លាកលេខ ត្បូងឃ្មុំ  ៣A-១៦៤២  បើកបរដោយឈ្មោះ អូន សំអន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិជ្រោយជ្រែង ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ធ្វើដំណើរពីលិចទៅកើត ហើយក៏បុកចូលផ្ទះប្រជាពលរដ្ឋ២ខ្នង ដែលមានម្ចាស់ផ្ទះទី១ឈ្មោះ ហ៊ូវ សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុ បណ្តាលឱ្យសម្ភារៈមួយចំនួននិងដំបូលផ្ទះប្រក់ស័ង្កសីរងការខូចខាត។

ម្ចាស់ផ្ទះទី២ ឈ្មោះ ណុច ស្រីនុត ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុ បណ្តាលឱ្យខូចខាតសម្ភារមួយចំនួន និងដំបូលប្រក់ស័ង្កសីក៏រងការខូចខាតដែរ តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ។

   សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានបញ្ជាក់អំពីមូលហេតុ គឺដោយសារតែអ្នកបើកបររថយន្តងងុយដេកទើបមានគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង។

    ចំពោះករណីទី២បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហម នៅចំណុចភូមិត្រពាំងធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកហុងដាសេ១០០ ពណ៌ព្រីងទុំ គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺផ្លូវ បើកបរដោយឈ្មោះ ឡៃ ហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានអ្នករួមដំណើរឈ្មោះ ឈឿង រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ធ្វើដំណើរពីលិចទៅកើតក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង១Q-៩១៤៣ បើកបរដោយឈ្មោះ ស៊ីន ផាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ  រស់នៅភូមិត្រពាំងត្រសក់ ឃុំម្រាម ស្រុករមាសហែក និងមានអ្នករួមដំណើរម្នាក់ឈ្មោះប៉ែន ណារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃជ័រ ឃុំម្រាម ស្រុករមាសហែកដែលបើកបញ្ច្រាសគ្នាបានបើកបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កបានបើកគេចទៅទិសខាងកើតបានចម្ងាយប្រាំគីឡូម៉ែត្រទើបសមត្ថកិច្ចឃាត់បាន។  ចំណែកអ្នករងរបួសធ្ងន់២នាក់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដស្វាយរៀង។

   រីឯអ្នកបើកបរម៉ូតូសណ្តោងរុឺម៉កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖