ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២នេះ​ បានអញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុនឯកជនមួយ។

ក្នុង​កិច្ចប្រជុំនេះដែរ​ តំណាងក្រុមហ៊ុន បានធ្វើបទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ គឺមានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។ 

សូមជម្រាបថា​ សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រ គឺក្រុមហ៊ុននឹងរៀបចំរួមមាន ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោងជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។ ជាមួយគ្នានេះ ដោយពិនិត្យឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ទើបក្រុមហ៊ុនសម្រេចស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាមេរិក។

បន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនរួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្ររបស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ដោយសារទីតាំងដែលស្នើសុំគឺស្ថិតនៅទល់មុខ អាគារសណ្ឋាគាររបស់ក្រុមហ៊ុនផ្ទាល់ ហើយកីឡាទេសចរណ៍លើទឹកនេះជាផលិតផល ទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុកាន់តែច្រើន។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ចសង្គម និងចំនួនភ្ញៀវមកកំសាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈបច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវ និងផលប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ​៖សហការី​


ចែករំលែក៖