ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងដកហូតវត្ថុតាងបាន៣កញ្ចប់ព្រមទាំងសម្ភារមួយចំនួនទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៧នាក់គ្រឿងញៀន៣ កញ្ចប់និងវត្ថុតាងមួយចំនួន ត្រូវសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងក្រុងកំពង់ឆ្នាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី ចុះបង្ក្រាបបាននៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជនសង្ស័យ៧នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានបង្ក្រាបនិងដកហូតវត្ថុតាងបានមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ៧នាក់រួមមាន: ១-ឈ្មោះ ស៊ិន សម្បតិ្ត ភេទប្រុស អាយុ ២៨ឆ្នាំ , ២-ឈ្មោះ ស៊ុន សុរ័ត្ន ភេទប្រុស អាយុ ៣២ ឆ្នាំ, ៣-ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ , ៤- ឈ្មោះ ចុន ថន ភេទប្រុស អាយុ២១ឆ្នាំ, ៥-ឈ្មោះ ស៊ុនសុខ ចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ , ៦-ឈ្មោះ សែល រតនា ភេទស្រី អាយុ២៥ឆ្នាំ និង ៧-ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។ ពួកគេទាំង ៧នាក់រស់នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង។ 

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: ថ្នាំញៀន ៣កញ្ចប់ ,ទូរស័ព្ទដៃ ២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ១ , កាំភ្លើងកែឆ្នៃ១ដើម , ដាវសាំម៉ូរៃ៤ រួមនិងសម្ភារវិចខ្ចប់មួយ ចំនួនទៀត។ 

ជនសង្ស័យទាំង ៧នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់តាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖