ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ប្រារព្ធពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២នេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានប្រារព្ធពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដែលប្រារឰឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដោយមានបងប្អូនអតីតយុទ្ធជន និងអ្នកពាក់ព័ន្ធចូលរួមសរុបប្រមាណចំនួន២០០នាក់។

ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថាការប្រារព្ធពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជារបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង នាពេលនេះធ្វើឡើងក្នុងគោលបំណងរំលឹកអំពីវីរៈភាពនិងផ្តល់កិត្តិយសឲ្យសាកសម និងគុណបំណាច់របស់អតីតយុទ្ធជនមានចំពោះជាតិមាតុភូមិនិងប្រជាជន និងជាការផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនអតីតយុទ្ធជននិងជនរួមជាតិទាំងអស់។

 គួរបញ្ជាក់ថាបច្ចុប្បន្ននៅក្នុងខេត្តស្ទឹងត្រែងមានអតីតយុទ្ធជនចំនួន១.២៦៩នាក់ ក្នុងនោះមាននិវត្តន៍ជនចំនួន៨.២៧នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ២៣នាក់ ជនពិការមានចំនួន ៧៩នាក់ ជនពាលី ១៩០នាក់ និងជនមរណៈចំនួន១៥០នាក់។

លោក ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តែងនូវការគោរព និងថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជារួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ 

លោកប្រធានបន្តថាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងភាពឈ្លាស់វៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍ ជាពិសេសបានគិតគូយកចិត្តទុកដាក់អតីតយុទ្ធជនកម្ពុជារបស់យើងទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

នាឱកាសនេះដែរសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែងបានឧបត្ថម្ភស្បៀងអាហារ និងថវិកាជូនដល់អតីតយុទ្ធជនចំនួន៧០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមី ១កេស ត្រីខ១យួ ស្កសរ១គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងថវិកាចំនួន៤០.០០០រៀល៕

ដោយ៖ សូរិយា


ចែករំលែក៖