ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមលើជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលនៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ៤៣ ផ្លូវលេខ១៦ កែងផ្លូវលេខ១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញដាក់ពន្ធនាគារ១ឆ្នាំតែអនុវត្តទោស១ខែ២០ថ្ងៃ រឿងឆបោក តាមបញ្ញាតិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២០ ។
ដើមចមបណ្តាលឲ្យមានការចាប់ខ្លួន និង ឃុំខ្លួនជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា រឿងផ្តើមចេញពីជនជាប់ចោទបានទទួលយកប្រាក់ពីដើមបណ្តឹង ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការផ្ទេរក្រមខ័ណ្ឌពីអង្គភាពមួយទៅអង្គភាពមួយ ប៉ុន្តែលទ្ធផលមិនបានសម្រេចដូចការនិយាយគ្នា ហើយភាគីដើមបណ្តឹងក៏ប្តឹងទៅតុលាការ៕
ដោយ ៖ រ៉ារ៉ា